កំពង់ចាម ៖ ភាពអសន្តិសុខ ក្នុងក្រុងកំពង់ចាមបានកើតទ្បើងជាបន្តបន្ទាប់ ដែលធ្វើអោយ គោលនយោបាយភូមិ ឃុំសុវត្តិភាព ថយចុះមួយកំរឹត និងជាការព្រួយបារម្មណ៍ របស់ប្រជាពលរដ្ឋ។
ជាក់ស្តែង នៅថ្ងៃទី៣ កុម្ភះឆ្នាំ២០១៨មានករណី លួចរថយន្តមួយគ្រឿង ក្នុងពិធីប្រគំតន្ត្រីរបស់ស្រាបៀរ ហ្គែនស្បឺត ក្នុងក្រុងកំពង់ចាម។ ក្រោយពីកើតហេតុកំលាំងជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម បាននិងកំពុងធ្វើការស្រាវជ្រាវ ករណី ចោរកម្ម បង្ករដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបានធ្វើសកម្មភាពលួចរថយន្ត អស់រយះពេល២ថ្ងៃហើយ មិនទាន់បានលទ្ធនៅទ្បើយ។
សមត្ថកិច្ចបានអោយដឹងថា ថ្ងៃទី 3 ខែកុម្ភៈឆ្នាំ 2018នៅ វេលាម៉ោង 22 និង 30 នៅ ប៉ុស្តិ៍នគរបាល សង្កាត់កំពង់ចាម បានទទួលបណ្ដឹងមួយពី ឈ្មោះអីុត ធីតាភេទស្រី អាយុ 55 ឆ្នាំមានស្រុកកំណើតនៅ ភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានប្ដឹងជនមិនស្គាល់អត្តសញ្ញាណដែលបានលួចរថយន្តរបស់ខ្លួននៅត្រង់ចំណុចក្រោយរបងខាងត្បូងមន្ទីរវប្បធម៌ខេត្តកំពង់ចាម ក្នុងភូមិទី 15 សង្កាត់កំពង់ចាមកាលពីថ្ងៃទី 3 ខែកុម្ភៈឆ្នាំ 2018 ។
ម្ចាស់រថយន្ត ខាងលើបានបញ្ជាក់ថា នៅយប់ថ្ងៃទី 3 ខែកុម្ភះ ឆ្នាំ2018 អ្នកស្រី និងក្រុមគ្រួសារបានជិះរថយន្ត បាទ្បែន ពាក់ស្លាកលេខ ភ្នំពេញ2z-9020 មកទុកនៅខាងត្បូង មន្ទីរវប្បធម៍ខេត្តកំពង់ចាម ហើយនាំគ្នា ចូូលទៅមើលការប្រគំតន្ត្រី ។
ប្រហែលជាងមួយម៉ោងក្រោយមក អ្នកស្រីនិងក្រុមគ្រួសារ បានចេញមកវិញ ស្រាប់តែបាត់រថយន្តពីកន្លែងទុកខាងលើរក មិនឃើញ តែម្តង។
អ្នកស្រីបានបញ្ជាក់ថា រថយន្តបាត់ ក្នុង ចន្លោះម៉ោង19 ទៅម៉ោង19និង30នាទី ថ្ងៃដដែល។
ប្រភពពីមន្ត្រីនគរបាលបានអោយដឹងថា រហូតមកដល់ថ្ងៃទី5 ខែកុម្ភះឆ្នាំ2018នេះពុំទាន់បានលទ្ធផលនៅទ្បើយ៕