ព្រៃវែង ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិបានចុះពិនិត្យផ្ទាល់លើសកម្មភាពពាណិជ្ជកម្មនៅច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ២០១៨ និងបានបង្ហាញមោទនភាព ចំពោះសកម្មភាពបំពេញការងាររបស់សមត្ថកិច្ចចម្រុះ ប្រចាំច្រកព្រំដែនអន្តរជាតិនេះ ដែលបានប្រឹងប្រែងទប់ស្កាត់រាល់កម្មភាពនាំទំនិញចូលខុសច្បាប់ ដើម្បីការពារអត្ថប្រយោជន៍ពាណិជ្ជករ និងធុរជនក្នុងស្រុក ជាពិសេសធានាបាននូវការធ្វើពាណិជ្ជកម្មដោយសមធម៌ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញភារកិច្ចរបស់សមត្ថកិច្ចចម្រុះ និងបានលើកទឹកចិត្តមន្ត្រីទាំងអស់ បន្តពង្រឹងកិច្ចសហការល្អជាមួយគ្នាថែមទៀត ដើម្បីធានាបាននូវប្រសិទ្ធភាពការងារកាន់តែខ្ពស់ និងទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋកាន់តែច្រើន ជាពិសេសពាណិជ្ជករ ផលិតករ និងធុរជន ដែលប្រកបធុរកិច្ចនៅក្នុងខេត្តព្រៃវែង។
សូមបញ្ជាក់ថា ដើម្បីពង្រឹងសកម្មភាពពាណិជ្ជកម្មក្នុងប្រទេស ជាពិសេសគាំទ្រការអភិវឌ្ឍវិស័យឯកជន និងធានាបាននូវការធ្វើពាណិជ្ជកម្មប្រកបដោយសមធម៌ ក្រសួងពាណិជ្ជកម្មបាដាក់ចេញនូវគោលនយោបាយកំណែទម្រង់សំខាន់ៗ ជាមួយសកម្មភាពជាច្រើន។ បច្ចុប្បន្ន ក្រសួងបានកំពុងរៀបចំសេចក្តីព្រាងច្បាប់មួយចំនួន ដើម្បីដាក់ឆ្លងទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋសភាជាតិ ហើយច្បាប់ឧបាស្រ័យពាណិជ្ជកម្ម ដែលមានគោលដៅការពារអត្ថប្រយោជន៍ពាណិជ្ជករ និងធុរជនជាតិ ទប់ស្កាត់ការហូរចូលដោយគំហុកនូវទំនិញបរទេស និងការលក់បង្ខូចតម្លៃ ក៏ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការនាំអង្ករចេញរបស់កម្ពុជា ក្នុងឆ្នាំ២០១៧ មានចំនួន ៦៣៥,៦៧៩តោន។ សម្រាប់នៅក្នុងខែមករា ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៦២,៦២៣តោន ទៅកាន់ទីផ្សារសំខាន់ៗជាង ៦០ ទូទាំងពិភពលោក។ ដោយឡែក សម្រាប់ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី កាលពីឆ្នាំ២០១៧ កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសវៀតណាម ចំនួនជាង ៣៧ម៉ឺនតោន៕