តុលាការ​កោះហៅ​ឈ្មួញ​ដី​២​នាក់ ពាក់ព័ន្ធ​បណ្តឹង​ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 February, 2018 ក+ ក-

​ភ្នំពេញ​៖ យោងតាម​ប្រភពពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្ហើប​ថា លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨ បានចេញ​ដីកាកោះ ចំនួន ២​ច្បាប់ បង្គាប់​ឱ្យ​ឈ្មួញ​រកស៊ី​ដី ២​នាក់​ចូលខ្លួន​ទៅ​បំភ្លឺ ពាក់ព័ន្ធ​ដំណើររឿង ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត​។​

​យោងតាម​ដីកា​កោះហៅ លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឱ្យ ឈ្មោះ សេង ដាលីន ភេទ​ស្រី និង​ឈ្មោះ ឡាយ សំណាង អាយុ ៣៦ ឆ្នាំ​ទីលំនៅ​ផ្ទះ​លេខ​២៦​អឺ​សេ​រ៉ូ ផ្លូវ​៣៣៦ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ចូលខ្លួន​ទៅកាន់ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ដើម្បី​ស្តាប់​ការសាកសួរ ពាក់ព័ន្ធ ដំណើររឿង ដែល​ដើមបណ្តឹង​ឈ្មោះ ស៊ីម តារា ប្តឹង​ពីបទ ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត​។​

​ប្រភព​ប​ពី​មន្ត្រី​សាលាដំបូង​បានឱ្យដឹង​ផងដែរ​ថា កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៨ កន្លងទៅ ដើមបណ្តឹង​ឈ្មោះ ស៊ីម តារា ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៨ ផ្លូវ​ទី​១ ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បានដាក់​ពាក្យ​ប្តឹង​ឈ្មោះ សេង ដាលីន និង​ឈ្មោះ ឡាយ សំណាង ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​អ្នក​ទាំង​២​នាក់​ថា បាន ឆបោក គំរាមកំហែង​ប្តឹង​បរិហារ និង​រំលោភ​លើ​ទំនុកចិត្ត​។​

​ពាក្យបណ្តឹង​នោះ បាន​បញ្ជាក់ថា កាលពី​អំឡុង​ឆ្នាំ​២០១៦ ដើមបណ្តឹង​ឈ្មោះ ស៊ីម តារា បាន​ទិញ​ដី​ឡូ​តិ៍ ចំនួន ៣១២​ឡូ​តិ៍ ពី​ឈ្មោះ សេង ដាលីន និង​ឈ្មោះ ឡាយ សំណាង មាន​ទីតាំងនៅ​ភូមិ​សេរី​សម្បត្តិ សង្កាត់​គង​ណ​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី​លក់​បន្ត​ឱ្យ​អតិថិជន​។​

​ការទិញ​លក់​ដី​ឡូ​តិ៍​នេះ ដើមបណ្តឹង​បាន​បង់ប្រាក់​រំលស់​ទៅឱ្យ​ឈ្មោះ សេង ដាលីន និង​ឈ្មោះ ឡាយ សំណាង ជាប្រចាំ​ខែ បាន​ជិត​៧០​ម៉ឺន​ដុល្លារ រួចរាល់ ប៉ុន្តែ​ឈ្មោះ សេង ដាលីន និង​ឈ្មោះ ឡាយ សំណាង មិន​ព្រម​រត់ការ​កាត់​ប្លង់ដី​នោះ​ឱ្យ​ដើមបណ្តឹង ឬ​អតិថិជន​ដែល​ទិញ​ដី​ពី​គម្រោង លក់​ដី​ឡូ​តិ៍ អភិវឌ្ឍន៍​លំនៅដ្ឋាន អង្គ​បុ​ស្ប នោះទេ ថែមទាំង​គំរាម​រំលាយ​កិច្ចសន្យា​ទិញ​លក់​ដី​ឡូ​តិ៍​រវាង​ពួកគេ និង​ដើមបណ្តឹង​ថែម​ទៀតផង​។​

​ដោយ​មើលឃើញថា ភាគី​អ្នកលក់​មានគំនិត​ទុច្ចរិត ទើប​ដើមបណ្តឹង​សម្រេច​ដាក់ពាក្យ​ប្តឹង​តែម្តងទៅ ដើម្បីឱ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​៕