តុលាការខេត្ត​រតនគិរី​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​យុត្តិធម៌​ព្រហ្មទណ្ឌ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 February, 2018 ក+ ក-

​ខេត្តរតនគិរី ៖ កិច្ច​ជួបប្រជុំ​វិភា​ក្សា​មួយ ដែល​សាលា​ល​ដំបូង​ខេត្ត បានរៀបចំ​ឡើង ដើម្បី​ពង្រឹង​អង្គភាព​ពាក់ព័ន្ធ ក្នុង​វិស័យ​យុត្តិធម៌ ព្រហ្មទណ្ឌ រវាង​ស្ថាប័ន​អយ្យការ ដើម្បី​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់ និង​រកដ​ដំណោះស្រាយ​អំពី​បញ្ហា​ប្រឈម នៅពេល​អនុវត្ត​ច្បាប់​។​

កិiច្ចប្រជុំ​នេះ បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​អង្គារ ៦​រោច ខែមាឃ ឆ្នាំរការ នព្វស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​អាគារ សណ្ឋាគារ រតន​ស៊ី​ធី ដោយមាន​ការចូលរួម រវាង​ស្ថាប័ន​អយ្យការ ដែលមាន លោក ឈុន ច័ន្ទ​សីហា អនុប្រធាន​សាលាដំបូង​ខេត្ត លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចៅក្រម​សាលាដំបូង​ខេត្ត ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ប្រធាន​ពន្ធនាគារ​ខេត្ត ប្រធាន​មន្ទីរ​កសិកម្ម ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត លោក​ប្រធាន​ពន្ធដា​ខេត្ត លោក​ប្រធាន​សាខា​កាំកុងត្រូល និង​លោកស្រី អ្នកនាង​កញ្ញា​។​

លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី បានបញ្ជាក់​ក្នុង​ឧកាស​នោះ​ថា ថ្ងៃនេះ​ជា​ថ្ងៃ​ពិសេស​មួយ​ដែល​ស្ថាប័ន​អយ្យការ សាលាដំបូង​ខេត្ត និង​មន្ត្រីនគរបាល​យុត្តិធម៌ បាន​ជួបជុំគ្នា ដើម្បី​ប្រជុំ​ពង្រឹង​ការងារ​អង្គភាព​ពាក់ព័ន្ធ ក្នុង​វិស័យ​យុត្តិធម៌​ព្រហម្ម ដើម្បី​លើក​ទិសដៅ ផែនការ​ឆ្នាំ​២០១៨ និង​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន ក្នុង​សកម្មភាព​អនុវត្ត​។ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការអនុវត្ត​ច្បាប់ ដើម្បី​ធ្វើ​ឲ្យ​មាន​កំណើន​សេចក្ដីទុកចិត្ត​ពី​ប្រជាពលរដ្ឋ ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ និង ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ល្អ ក្នុង​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ ជាពិសេស ការចែករំលែក​ព័ត៌មាន ការពិភាក្សា​អំពី​បញ្ហា​ប្រឈម ការដោះស្រាយ​រួមគ្នា ក្នុងការ​អនុវត្ត​ច្បាប់ ការចាត់ការ​លើ​បណ្ដឹង​អាជ្ញា លើកកម្ពស់​ការគោរព​សិទ្ធិ​ពលរដ្ឋ និង​កុមារ​។​

ដើម្បី​ញ៉ាំង​គោលបំណង​ខាងលើ​ឪ្យ​បានសម្រេច ព្រះរាជអាជ្ញា​ត្រូវ​រៀបចំ និង​ដឹកនាំ​អង្គប្រជុំ ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​យុត្តិធម៌​ព្រហ្មទណ្ឌ ឲ្យ​បាន​ទៀងទាត់ យ៉ាងហោចណាស់ ២​ខែម្ដង​។ បើ​ករណី​ចាំបាច់ និង​បន្ទាន់ ព្រះរាជអាជ្ញា ត្រូវ​រៀបចំ​ប្រជុំ​ជាមួយ​អង្គភាព​នោះ​ភ្លាម ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្ដែង​ឲ្យ​ទាន់ពេលវេលា​។​
ក្នុង​កិច្ចប្រជុំ​នោះដែរ មានការ​ពិភាក្សា​សំណួរ ដោះស្រាយ​បញ្ហា​ប្រឈម​នានា រវាង​ស្ថាប័ន​អយ្យការ និង​មន្ត្រីនគរបាល​យុត្តិធម៌ ដែល​បាន​អនុវត្ត​ច្បាប់​ជួប​បញ្ហា​ប្រឈម​កន្លងមក​ផងដែរ​។

កិច្ច​ប្រ​ចុំ​នេះ​ត្រូវបាន​បញ្ចប់​នៅវេលា​ម៉ោង​១១:៣០​នាទី ដោយបាន​ពិភាក្សា​ផ្ដល់យោបល់​អំពី​ច្បាប់ និង​នីតិវិធី​ផ្សេងៗ អំពី​ច្បាប់​ផងដែរ​៕