មន្ទីរ​ពន្ធដារ​ខេត្ត​ព្រះសីហនុ​បើក​យុទ្ធនា​ការចុះ​ត្រួតពិនិត្យ​ការបង់ពន្ធ​ផ្លូវ​លើ​រថយន្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 February, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ​៖​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រកាស​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៧​។ សេចក្ដីជូនដំណឹង​ស្ដីពី​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ជា​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ចូល​បង់ពន្ធ​ដែល​អនុវត្ត​នៅ​ថ្ងៃទី​១៥ មិថុនា រហូតដល់​ថ្ងៃ​៣០ ខែវិច្ឆិកា​។​

​ក្រសួង​សេដ្ឋកិច្ច បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ អង្គភាព​ពន្ធដារ​នឹង​ចុះ​ត្រួតពិនិត្យ និង​ផាកពិន័យ​ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​ទាំងឡាយណា​ដែល​មិនទាន់​បានប្រកាស​បង់ពន្ធ​ក្នុង​ឆ្នាំ​កន្លងទៅ នឹងត្រូវ​បង់ពន្ធ និង​បង់ប្រាក់​ពិន័យ ១០០% នៃ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​។​

ដោយឡែក សំរាប់​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ នេះ មន្ទីរ​ពន្ធដារ​ខេត្ត​ព្រះសីហនុ មន្ត្រី​ជំនាញ​ពន្ធដារ សហការ​ជាមួយ​កម្លាំងចម្រុះ​បាន​ចុំ​ត្រួតពិនិត្យ​ផ្លូវ​លើ​រថយន្ត​គ្រប់​ប្រភេទ ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅក្នុង​ខេត្ត​នេះ​។​
លោក សុខ ចំណាន មន្ត្រី​ពន្ធដារ ដែល​កំពុង​ចុះ​អនុវត្ត​ត្រួតពិនិត្យ​ពន្ធ​បានអោយដឹងថា​៖​ការចុះអនុវត្ត​ត្រួតពិនិត្យ​លើ​ពន្ធ​ផ្លូវ​នេះ​គឺមាន រយៈពេល​៣​ខែ​។​
​នៅថ្ងៃនេះ​ផងដែរ គឺជា​ថ្ងៃ​ចុះ​អនុវត្ត​ពិនិត្យ​ពន្ធ​ផ្លូវ​លើកដំបូង លោក ឃើញថា រថយន្ត​ដែល​មិនទាន់​បង់ពន្ធ​ផ្លូវ គឺមាន​ច្រើន ជាពិសេស​រថយន្ត​ដែល​ជនជាតិ​ចិន​កំពុង​ប្រើប្រាស់​តែម្តង​។

លោក សុខ ចំណាន សូម​ធ្វើការ​អំពាវនាវ សូមអោយ​បងប្អូន​ដែលមាន​រថយន្ត​ហើយ​តែ​មិនទាន់បាន​បង់ពន្ធ​ផ្លូវ​ប្រចាំឆ្នាំ ២០១៧ នោះ​សូម​ចូលរួម​បង់ពន្ធ​អោយបាន​គ្រប់គ្នា​។​

​ចំណែក​ប្អូនប្រុស ឈ្មោះ រី ណា ដែលជា​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ​វិញ​បានអោយដឹងថា​៖​ការបង់ពន្ធ​ផ្លូវ​ជូន​រដ្ឋ​យ៉ាង​ដូច្នេះ គឺ​ល្អ​ណាស់ ព្រោះ​រដ្ឋ​អាច​ប្រមូល ថវិកា នេះ​យកទៅ​កសាង​ផ្លូវ​បន្ថែមទៀត​។​

​មិន​ខុសគ្នា​នោះទេ បង ប្រុស ឈ្មោះ មុំ សុ​ម៉ាលី អ្នកបើកបរ រថយន្ត អោយ​ក្រុមហ៊ុន ឯកជន បានអោយដឹងថា​៖​ការបំពេញ​កាតព្វកិច្ច​បង់ពន្ធ​ផ្លូវ ជូន​រដ្ឋ​នេះ ល្អ​ណាស់ ព្រោះ​បើសិនជា​មិនបាន​បង់ពន្ធ​នោះទេ រដ្ឋ​នឹង​បាត់បង់​ប្រាក់ចំណូល ហើយ​ការបង់ពន្ធ​ផ្លូវ​នេះ រដ្ឋ​អាច​យក ថវិកា​ទាំងនេះ​ទៅ​អភិវឌ្ឍ​ប្រទេសជាតិ​អោយមាន​ការ រីកចំរើន​បន្ថែមទៀត​៕