ជប៉ុន​ចង់ឱ្យ​កម្ពុជា​បញ្ជូន​កម្មសិក្សាការី​ទៅ​បណ្តុះបណ្តាល​ផ្នែក​ថែទាំ​មនុស្ស​ចាស់​នៅ​ជប៉ុន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 February, 2018 ក+ ក-

​ភ្នំពេញ ៖ ប្រធាន​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន (JCIA) បាន​ជម្រាប ជូន​ដល់​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថា អង្គការ​និង​ក្រសួង​សង្គមកិច្ច​កម្ពុជា មានបំណង ចង់​បញ្ជូន​កម្មសិក្សាការី​ទៅធ្វើ​ការបណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន​ខាង​ផ្នែក​ថែទាំ​មនុស្ស​ចាស់​។​

​ក្នុងជំនួប​ពិភាក្សា​ការងារ​នៅ​រសៀល​ថ្ងៃ​អង្គា​រ៍ ទី​៦ ខែ​កុ​ម្ភះ​នេះ រវាង ឯកឧត្តម​បណ្ឌិត​អ៉ិ​ត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ​និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​និង លោក ហ្វូ​មី​អូ យ៉ាម៉ាដា ប្រធាន​អង្គការ​សមាគម​សហប្រតិបត្តិការ កម្ពុជា​ជប៉ុន បានបញ្ជាក់​ការទាមទារ​ចង់​ឲ្យ​កម្មសិក្សាការី​ធ្វើការ​បណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន ដោយសារ ធនធានមនុស​ស្ស​ផ្នែក​ថែទាំ​មនុស្ស​ចាស់​នៅ​ជប៉ុន​មាន​កម្រិត​ទាប​នៅឡើយ បន្ទាប់មក​កម្មសិក្សាការី​ក៍​អាច យក​ជំនាញ​នេះ​មកប្រើប្រាស់​នៅ​កម្ពុជា​ផងដែរ​។ ជាមួយគ្នានេះ កម្ពុជា​នឹងមាន​ចំនួន​មនុស្ស​ចាស់​កើនឡើង ដូច​ប្រទេស​ជប៉ុន​ដែរ ដូច្នេះ​ក៍​ត្រូវការ​អ្នក​ដែលមាន​សមត្ថភាព​ខាង​ថែទាំ​មនុស្ស​ចាស់​ដូចគ្នា​។
​លោក​ប្រធាន​អង្គ​បានលើកឡើង​ទៀតថា ទាក់ទង​ទៅនឹង​សេវា​ថែទាំ​មនុស្ស​ចាស់ ខាង​អង្គការ​របស់ លោក​ធ្វើយ៉ាងណា​គៀងគរ​អ្នកវិនិយោគទុន​របស់​ជប៉ុន​មក​កម្ពុជា​កាន់តែច្រើន​ប​ន្ថែ​ម​ទៀត ដូច្នេះ​គឺ​ត្រូវការ ការសហការ និង​ការគាំទ្រ​ពី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជា​អោយបាន​ច្រើន​បន្តទៀត​។​

​ឯកឧត្តម​បណ្ឌិត​អ៉ិ​ត សំហេង បាន​ឆ្លើយតប​ដល់​ភាគី​ជប៉ុន​ថា កម្ពុជា​កំពុងតែ​រៀបចំ​អភិវឌ្ឍ​អោយមាន ប្រព័ន្ធ​គោលនយោបាយ និង​ធនធានមនុស្ស​សម្រាប់​សេវា​នេះ ដែល​កន្លងមក​រដ្ឋាភិបាល​កម្ពុជា​បានដាក់​ឲ្យ ប្រើប្រាស់​នូវ​គោលនយោបាយ​ស្តីពី​មនុស្ស​ចាស់ ហេតុដូច្នេះ ក្រោម​គោលនយោបាយ​នេះ​ត្រូវការ​អភិវឌ្ឍ​នូវ ធនធានមនុស្ស​ផ្នែក​សេវា​ថែទាំ​មនុស្ស​ចាស់​នេះ​ជា​ចាំបាច់​។​

ជាមួយគ្នានេះ ភាគី​ជប៉ុន​បានបញ្ជាក់​បន្ថែមថា ខាង​អង្គ​ការមិន​ត្រឹមតែ​ខិតខំ​ព​ន្លឿ​ន​ទៅលើ​ការបណ្តុះ បណ្តាល​ខាង​ធនធានមនុស្ស​ទេ គឺ​នឹង​ផ្តល់​ខាង​គ្រូ​បង្គោល​ដើម្បី​ហ្វឹកហាត់​ទៅដល់​កម្មសិក្សាការី​ផងដែរ​។ កម្ម សិក្សា​ការី​ថែទាំ​មនុស្ស​ចាស់​វា​ខុសប្លែក​ពី​កម្មសិក្សាការី​ផ្សេងៗ​ទៀត គឺ​តម្រូវអោយ​គាត់​ចេះ​ភាសា​ជប៉ុន​ឲ្យ​បាន ច្រើន​ដើម្បី​ងាយស្រួល​ទំនាក់ទំនង ព្រោះ​កិច្ចការងារ​នេះ​ធ្វើ​រវាង​មនុស្ស​និង​មនុស្ស ដែល​អាចមាន​បញ្ហា​ខ្លះ​នឹង កើតមានឡើង​កំឡុងពេល​ធ្វើ​កិច្ចការ​នេះ​៕