ខេត្តកំពត ៖ ភ្នំជាច្រើនកន្លែងនៅស្រុកទឹកឈូខេត្តកំពតក្នុងគ្រាបច្ចុប្បន្ននេះ បាន និងកំពុងរងការរុករានទន្ទ្រានកាយដីលក់ និងជីកកាយហ៊ុំព័ទ្ធរបងយកដីភ្នំធ្វើជាកម្មសិទ្ធិ។
ជាក់ស្ដែងនៅជួភ្នំកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ភាគច្រើនភ្នំទាំងនោះកំពុងទទួលរងការកាប់បំផ្លាញព្រៃឈើនិងកាយយកកម្ទេចគ្រោះលក់តែអាជ្ញាធរគ្រប់ថ្នាក់ហាក់ដូចជាមិនចាប់អារម្មណ៍ក្នុងរឿងនេះសោះ ចំណែកប្រជាពលរដ្ឋបាននិយាយដូចៗគ្នាថា អ្នកកាយដីភ្នំលក់ និងអ្នកហ៊ុំព័ទ្ធដីភ្នំនោះមិនមានប្រជាពលរដ្ឋណាហ៊ានធ្វើទេ គឺសុទ្ធតែអ្នកមានលុយ មានអំណាចទើបអាចធ្វើទៅបាន។ ក្រុមប្រជាពលរដ្ឋក៏បានអំពាវនាវអោយខាងជំនាញរដ្ឋបាលព្រៃឈើពិនិត្យមើលផងព្រោះអ្នកទន្ទ្រានយកដីភ្នំហួសបង្គោលរដ្ឋបាលព្រៃឈើទៅហើយ។
នៅរសៀលថ្ងៃទី៧ កុម្ភះ ឆ្នាំ២០១៨ នេះ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើដែលបានចុះទៅពិនិត្យនៅជួភ្នំរិករិលនោះលោកហុក ជាកុសល នាយរងផ្នែកខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពតបាននិយាយប្រាប់អោយដឹងថា ដីភ្នំទាំងត្រូវបានគេដាំកូនឈើគ្រប់ប្រភេទ។ មន្ត្រីរដ្ឋបាលព្រៃឈើដដែលនេះបាននិយាយប្រាប់អោយដឹងថា ការកាយដីហ៊ុំព័ទ្ធនេះគឺសម្រាប់ការពារភ្លើងឆេះព្រៃនៅរដូវក្ដៅខ្លាំងខាងមុខ។លោក ហុក ជាកុសល និយាយថា យើងកំពុងសាកសួរពីករណីដីភ្នំមួយទៀត។
លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពតនិយាយប្រាប់អោយដឹងថា អ្នកដែលរឹងទទឺងរំលោភយកដីភ្នំនោះ ខាងរដ្ឋបាលព្រៃឈើបានណែនាំច្រើនដងដែរហើយ ប៉ុន្តែបើនៅតែមិនរាងចាលអាចដាក់ពាក្យបណ្ដឹងទៅតុលាការអោយចាត់ការទៅតាមផ្លូវច្បាប់៕