កំពង់ចាម ៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋរស់នៅក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ បានគូសបញ្ជាក់ថា សន្តិភាពគឺជាកត្តាសំខាន់ ដើម្បីធានាដល់ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ ហើយបើសិនបាត់បង់សន្តិភាព នោះកម្ពុជានឹងត្រូវបាត់បង់អ្វីៗទាំងអស់។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានារបស់ វត្តអម្ពវ័ន ហៅវត្តស្រោង ដែលមានអាយុកាល ៦១ឆ្នាំ ស្ថិតនៅក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនប្រជាពលរដ្ឋ អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្តារ និងកសាងប្រទេសចេញពីចំណុចសូន្យ ដោយត្រូវប្រឈមបញ្ហា និងត្រូវហែលឆ្លងឧបសគ្គរាប់រយជំពូក ដើម្បីដឹកនាំនាវាកម្ពុជា មកកាន់ត្រើយសុខសន្តិភាព និងវឌ្ឍនភាពដូចបច្ចុប្បន្ន ។ ព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នកំពុងធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក ហើយបានក្លាយជាប្រទេសគោលដៅ ដែលមានភាពទាក់ទាញសម្រាប់វិស័យទេសចរណ៏ និងវិនិយោគ ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំគិតជាមធ្យម ៧% ក្នុងរយៈពេល ២ទស្សវត្សចុងក្រោយ ។
លោក បន្តថា ជាមួយវឌ្ឍនភាពដ៏ប្រសើរនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានឱកាសបង្កើនជីវភាព និងប្រាក់ចំណូលកាន់តែសមរម្យ ដើម្បីឆ្លើយតបនឹងការវិវត្តន៍នៃសាកលភាវូបនីយកម្ម។ ក្នុងរយៈពេល ៥ឆ្នាំនេះ ប្រាក់បៀវត្សអប្បបរមារបស់មន្ត្រីរាជការ បានកើនឡើងបីដង ហើយប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក៏បានកើនឡើងជាងពីរដងផងដែរ» បានអះអាងបន្ថែម។
គួររំលឹកដែរថា កាលពីឆ្នាំ ២០១៧កន្លងមកនេះ ក្រុមការងារចុះពង្រឹងឃុំជ្រៃវៀន បានចំណាយពេលវេលា និងធនធានជាច្រើន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជន និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងនោះក្រុមការងារបានជួយឧបត្ថម្ភដល់ស្ត្រីសម្រាលកូន ក្នុងម្នាក់ ១០ម៉ឺនរៀល និងគ្រួសារសពមួយគ្រួសារ ២០ម៉ឺនរៀល ព្រមទាំងគ្រួសារមានជីវភាពខ្វះខាត គិតជាថវិកាសរុប មានចំនួន ២.៩១៥លានរៀល និងប្រាក់ដុល្លារចំនួន ១៥៦.៣៨៤ដុល្លារ។ លើសពីនេះ ក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាល ក៏បានជួយឧបត្ថម្ភអង្ករចំនួន ២តោន រៀងរាល់ខែ ដល់ក្រុមការងារយុវជនគណបក្សស្រុក និងបានចុះចែកស្បៀងជូនគ្រួសារ ដែលមានជីវភាពខ្វះខាតថែមទៀត៕