កំពត ៖ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយ នៅខេត្តកំពត នាព្រឹកថ្ងៃព្រហស្បត្ត៍នេះ សម្តេចតេជោ បានគូសបញ្ជាក់ថា ការដឹកនាំប្រទេសជាង៣០ឆ្នាំមកនេះ គឺសម្តេចក្នុងតួនាទីជានាយករដ្ឋមន្ត្រីជាអ្នកទទួលខុសត្រូវចំពោះស្ថានភាពរបស់កម្ពុជា ដូចនេះសម្តេចតេជោប្តេជ្ញាថានឹងបន្តដឹកនាំប្រទេសយ៉ាងហោចណាស់១០ឆ្នាំទៀត ដើម្បីបន្តដំណើរអភិវឌ្ឍប្រទេសកម្ពុជា ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋជាង៧ពាន់នាក់ ដែលបានចូលរួមនៅក្នុងពិធីសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍របស់សាជីវកម្ម ជីបម៉ុង អ៊ិនស៊ី ស៊ីមេន នៅក្នុងស្រុកទូកមាស ខេត្តកំពត នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការអរគុណចំពោះប្រជាជនកម្ពុជា ដែលតែងគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេច ក្នុងតំណែងជានាយករដ្ឋមន្ត្រី ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ។ តាមរយៈបទពិសោធន៌ដឹកនាំប្រទេសជាង៣០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាថា នឹងបន្តតំណែងនេះយ៉ាងហោចណាស់១០ឆ្នាំទៀត ដើម្បីដឹកនាំប្រទេសកម្ពុជា អោយមានការអភិវឌ្ឍន៌ទៅតាមផែនការ ។
សូមបញ្ជាក់ថា ក្នុងប្រទេសកម្ពុជានេះ បើទោះបីការខុស រឺត្រូវ គឺជាការទទួលខុសត្រូវរបស់ហ៊ុន សែន តែគេត្រូវថ្លឹងថ្លែងក្នុងការដឹកនាំរយៈពេល៣៣ឆ្នាំមកនេះ….. នៅពេលដែលប្រទេសមួយចំនួនប្រើប្រាស់សេដ្ឋកិច្ចផែនការ…ពេលនោះកម្ពុជាអនុវត្តសេដ្ឋកិច្ចទីផ្សារ ដែលបើកឳកាសអៅយវិស័យឯកជនមានការរីកចម្រើនឡើង ខណៈដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានពន្យល់ថា ការដឹកនាំសេដ្ឋកិច្ចតាមបែបសេដ្ឋកិច្ចទីផ្សារ ដែលបានជម្រុញអោយវិស័យឯកជនមានការចូលរួមច្រើន ហើយរដ្ឋគ្រាន់តែជាសេដ្ឋវិទូត្រួសត្រាយគោលនយោបាយ សម្តេចតេជោ ក៏បានចាត់ថា ការប្រើប្រាស់សេដ្ឋកិច្ចបែបទីផ្សាររបស់កម្ពុជា នាពេលកន្លងមក គឺរឿងជោគជ័យមួយសម្រាប់កំណើន សេដ្ឋកិច្ច ដែលបានបើកចំហរទីផ្សារ និងទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសចូលមកកម្ពុជា។
ទន្ទឹមនឹងការអនុវត្តតាមគោលនយោបាយ ទីផ្សារបើកចំហរ និងសេរីភាវូនីយ៌កម្ម សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា កម្ពុជា មិនគាំទ្រចំពោះគោលនយោបាយគាំពារនិយមនោះទេ ដោយសម្តេចជឿជាក់ថា គោលនយោបាយគាំពារនិយមនោះ នឹងមិនអាចទទួលជោគជ័យទេ ខណៈដែលដំណើរការសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗត្រូវការចាំបាច់ កិច្ចសហការនាំចេញ នាំចូលរវាងគ្នាទៅវិញទៅមក។
ដោយឡែក ចំពោះខេត្តកំពត សម្តេចតេជោ បានសំលឹងមើលឃើញថា កំពុងមានសក្តានុពលជាច្រើន សម្រាប់ចូលរួមកំណើនសេដ្ឋកិច្ចជាតិ ដូចជា ការផលិតអំបិល រោងចក្រវារីអគ្គិសនី ជាពិសេស តាមរយៈការបង្កើតរៀងចក្រផលិតស៊ីម៉ង់ត៏ថ្មីបន្ថែមទៀតនាពេលនេះ នឹងអាចបង្កើនសមត្ថភាពការនាំចេញ ស៊ីម៉ង់ត៏ពីកម្ពុជាទៅក្រៅប្រទេស និងសម្រាប់ប្រើប្រាស់ក្នុងប្រទេសបានគ្រប់គ្រាន់។
សូមបញ្ជាក់ថា បើតាម លោកឧកញ៉ា លាង ឃុន ដែលជាម្ចាស់ភាគហ៊ុនធំ នៃសាជីវកម្ម ជីបម៉ុង អ៊ិនស៊ី ស៊ីមេន បានអោយដឹងថា រោងចក្រផលិតស៊ីម៉ង់ត៍ ដែលធំជាងគេ ក្នុងស្រុកទូកមាស ខេត្តកំពត បានចំណាយទុនវិនិយោគ ២៦២លានដុល្លារ អាមេរិក ដែលរោងចក្រនេះអាចផលិតស៊ីម៉ងត៍ បាន៥ពាន់តោនក្នុងមួយថ្ងៃ។ ជាងនេះទៀត ដោយសារ ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតមកពីប្រទេសចិន អាលឺ្លម៉ង់ ស៊ុយអែត និងអ៊ីតាលី នឹងធ្វើឲ្យការបញ្ចេញឧស្ម័នកាបូនកាបូនិចចេញពីរោងចក្រនេះ មានកម្រិតទាបបំផុត និងមានបទដ្ឋានបរិស្ថានល្អ កម្រិតអន្តរជាតិ៕