កំពត ៖ តាមរយៈ សណ្ឋាគារ និងរមណីដ្ឋានសុខា បានរៀបចំឡើងវិញ នូវអគារការស៊ីណូចាស់ ដែលជាអគារប្រវត្តិសាស្ត្រ លើលំពូលភ្នំបូកគោ ត្រូវបានជួសជុលលំអរឡើងវិញ ជាសណ្ឋាគារដ៏ស្រស់ស្អាត Le Bokor Palace រក្សាររូបរាង សំណងអាគារដើមដដែរ ស្ថិតនៅច្រាំងថ្មចោទនៃកំពូលភ្នំបូកគោ។
នៅពេលលោកអ្នកដែលមកកម្សាន្ត នៅឧទ្យានជាតិ ព្រះមុន្នីវង្ស បូកគោ អាចសម្រាក់លំហែលកាយបាននាសណ្ឋាគារ Le Bokor Palace ដែលនិងចាប់ផ្តើម ដាក់ដំណើរការជំហ៊ានដំបូង នៅថ្ងៃទី៩ កុម្ភៈ ២០១៨នេះ។ អគារចាស់មួយ បានប្រែក្លាយជាអាគារថ្មី ដ៏ស្រស់ស្អាតនេះ គិតមកទល់ត្រឹមថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ការជួសជុលកែលំអរសោភ័ណ្ឌភាពឡើងវិញ សម្រេចបានជាង៧៥ភាគរយ និងគ្រោងបញ្ចប់នៅពេលដ៏ខ្លីខាងមុខនេះ ដើម្បីស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅរម្មណីដ្ឋាន ឧទ្យានជាតិ ព្រះមុន្នីវង្សបូកគោ ដោយមានកម្ពស់៤ជាន់ ដែលត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ ជាមួយនឹងវត្តមាន ដ៏មានអនុភាព មានរានហាល និងជណ្តើរថ្មើរជើង បែបអ៊ីតាលី មាន៣៦បន្ទប់ អមជាមួយភោជណីយដ្ឋាន២ ដែលបង្ហាញនូវប្រណិតភាព នៃសណ្ឋាគារនេះ នាសម័យអតីតកាល ដែលមានចុងភៅស្វីស និងខ្មែរ បានរៀបចំ នូវមុខម្ហូបកាលពី១០០ឆ្នាំមុន និងម្ហូបអាហារគ្រួសាររាជវង្សខ្មែរ ជាមួយនឹងបន្លែសរីរាង្គ និងគ្រឿងផ្សំថ្មីស្រស់ ដែលដាំនៅចំការបន្លែ នៅលើកំពូលភ្នំបូកគោនេះតែម្តង។
លោក Frugere F. Philippe អ្នកគ្រប់គ្រង់ទូទៅ នៃសណ្ឋាគារ លឺ បូកគោ ផាឡេស បានមានប្រសាសន៍ថា “ឡឺ បូគោ ផាឡេស ជាសណ្ឋាគារប្រវត្តិសាស្ត្រ និងជារតនសម្បត្តិរបស់ប្រទេសកម្ពុជា ។ ក្រុមហ៊ុន បានជួសជុលសំណង់អគារនេះ សារជាថ្មី ដោយរក្សាទុកនូវលក្ខណៈពិសេសរបស់វា និងបង្កើតឡើងវិញ នូវរចនាបទ ផ្ទៃខាងក្នុងបែបអាណានិគម ជាមួយនឹងគ្រឿងបំពាក់ បន្ទប់ទឹកដែលនាំចូលមកពីប្រទេសអ៊ីតាលី និងឥដ្ឋការ៉ូ ដ៏ប្រណិត ដែលនាំចូល ពីប្រទេសអេស្ប៉ាញ” ។
គួរបញ្ជាក់ថា សណ្ឋាគារ ឡឺ បូកគោ ផាឡេស មានទីតាំងស្ថិតនៅចន្លោះតំបន់ព្រៃត្រូពិច និងឆ្នេរសមុទ្របៃតង លើឧទ្យានជាតិព្រះមុន្នីវង្សបូកគោ ក្បែរក្រុងកំពត ដែលត្រូវបានបើកសម្ពោធនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩២៥ ដោយបម្រើជូនរាជវង្សានុវង្ស និងអភិជនជាច្រើនទសវត្សរ៍ បន្ទាប់មកសណ្ឋាគារនេះ ត្រូវបានទុកចោល និងបានកសាងឡើងវិញជាថ្មីទៀត នៅដើមឆ្នាំ១៩៦២ ដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ដែលបម្រើជូនមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល និងពាណិជ្ជករ ដែលមានទ្រព្យស្តុកស្តម្ភ ហើយវាក៏ជាកន្លែងវិស្សមកាល ដែលព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សព្វព្រះទ័យជាទីបំផុត៕