ខេត្តព្រះសីហនុ៖នៅសាលាខេត្តព្រះសីហនុ រសៀលថ្ងៃទី ៧រោជ ខែមាឃ ឆ្នាំរកានព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈ អធិបតីពិធីប្រកាសទទួលស្គាល់សមាគមភ្នាក់ងារដឹកជញ្ជូនទេស ចរណ៍ជលយានខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាព អាជីវករ ពាណិជ្ជករ ។
លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងថា ដោយអនុវត្តតាមលក្ខន្តិកៈរបស់រដ្ឋបាលខេត្ត ក្នុងរយៈពេល៣ ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុមានការអភិវឌ្ឍលឿនគួរឲ្យកត់សម្គាល់ កំណើនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមានការកើនឡើងលើសពីការកំណត់វាមានលក្ខណៈលឿនពេកកើនប្រមាណ ១២០ភាគរយ ។ ដោយឡែកនៅឆ្នេរឋានសួគ៏ យើងបានរៀបចំជា២ គឺទី១ គឺហ្សូនធម្មតា និងទី២ គឺលក្ខណៈវីអាយភី ដោយរក្សាធម្មជាតិព្រៃឈើ ដោយឡែកឆ្នេរឋានសួគ៌មានភ្ញៀវជាមធ្យមប្រមាណជា ៣០០នាក់ទៅលេងកម្សាន្ត ។
លោកឧកញ៉ាបន្តថា យើងនឹងត្រៀមលក្ខណៈបច្ចេកទេសអូប៊រ ឬទូកដឹកភ្ញៀវទេសចរឲ្យមានស្តង់ដារនិងមានប្រព័ន្ធការពារសុវត្ថិភាពដូចជាអាវពោង ពិសេសសុវត្ថិភាពចម្បងសម្រាប់ភ្ញៀវ ដើម្បីឱ្យភ្ញៀវមានទំនុកចិត្តមកលេងកម្សាន្ត ។
លោកយន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបាន មានប្រសាសន៍ថា វិស័យដឹកជញ្ជូនទេសចរណ៍ជលយានមានសារៈ សំខាន់ ដែលតម្រូវឲ្យខេត្តបង្កើតសមាគមន៍ដឹកជញ្ជូនទេសចរណ៍ជលយាន គឺដឹកជញ្ជូនផ្លូវទឹក សមាគមនេះបានដើរតួនាទីក្នុងការប្រកួតប្រជែងប្រកបដោយតម្លាភាព ដើម្បីឲ្យសមាគមន៍មានភាពសុខ ដុមរម្យនា រួមចំណែកជាមួយរដ្ឋ និងឯកជនជម្រុញឲ្យវិស័យដឹក ជញ្ជូនភ្ញៀវទេសចរតាមផ្លូវសមុទ្រនៅខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត សង្ឃឹមថា វិស័យដឹកជញ្ជូនទេស ចរណ៍ជលយាន រួមចំណែករក្សាបាននូវសន្តិសុខ សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលទៅលេងកំសាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ ។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការបង្កើតសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាននៅខេត្តព្រះសីហនុ ដោយមានការចូលរួមទាំងរដ្ឋ និងវិស័យឯកជន រដ្ឋ មានដូចជាសាលាខេត្ត និងក្រសួង មន្ទីរជំនាញពាក់ព័ន្ធ ដើម្បីក្តាប់ បានពីសំណូមពររបស់បងប្អូនប្រតិបត្តិករ និងដោះស្រាយតាមរយៈសមាគម យើងបានដាក់ចេញនូវគោលនយោបាយអ្វីថ្មីៗ ដើម្បីយកទៅផ្សព្វផ្សាយដល់បងប្អូនរបស់យើងជាលក្ខណៈល្អប្រសើរបំផុត ។ ឆ្លងតាមរយៈសមាគមនេះ យើងនឹងពង្រឹងបានគុណភាពសេវាដឹក ជញ្ជូនតាមផ្លូវសមុទ្រកាន់តែល្អ ព្រោះផលិតផលទេសចរណ៍នៃការដឹកជញ្ជូនតាមសមុទ្រ គឺមានលក្ខណៈសំខាន់ណាស់ដោយសារតម្រូវការក្នុងវិស័យទេសចរណ៍មកខេត្តព្រះសីហនុ ជិត ២លាននាក់មកកាន់ខេត្តព្រះសីហនុក្នុងឆ្នាំ២០១៧ ក្នុងនោះភ្ញៀវអន្តរជាតិជិតកន្លះលាននាក់ និងទេសចរណ៍ជាតិ ១លានកន្លះ ។
ភ្ញៀវទេសចរទៅលេងកម្សាន្តនៅតាមកោះមាន ៣៨ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរជាជនជាតិខ្មែរមានជាង ១២ម៉ឺននាក់ និងបរទេសជាង ២០ម៉ឺននាក់ ទោះបីភ្ញៀវទេសចរអន្តរជាតិច្រើនជាងទេសចរណ៍ខ្មែរយ៉ាង ណាក៏ដោយ យើងជាអ្នកបម្រើសេវា គឺមិនរើសអើងខ្មែរ ឬបរទេសនោះទេ ក្នុងច្បាប់របស់យើង មិនគិតពីភ្ញៀវជាតិ ឬអន្តរជាតិនោះទេ ដូច្នេះយើងត្រូវខិតខំពង្រឹងសេវារបស់យើង ផ្ដល់នូវការពេញចិត្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
លោករដ្ឋមន្ត្រីទេសចរណ៍បានបន្តថា ឆ្លងតាមរយៈសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ធានាគុណភាពសេវាដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់យើង និងមានការធានាគុណភាពមួយយ៉ាងល្អនិងជាការពេញចិត្តរបស់ទេសចរណ៍ ហើយទេសចរណ៍របស់យើងនឹងមានការកើនឡើងទៅទស្សនានូវតំបន់កោះកាន់តែច្រើនបន្ថែមទៀត
ទន្ទឹមនេះជាការចូលរួមចំណែកយ៉ាងសំខាន់ចំពោះបងប្អូនដែលបានផ្ដល់វិភាគទានមួយចំណែកដល់រដ្ឋសម្រាប់ការងារបរិស្ថានការងារសង្គម និងការងារផ្សេងៗនៅលើកោះរបស់យើងសម្រាប់យកមករៀបចំការអភិវឌ្ឍតំបន់កោះរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែល្អ មានសោភ័ណ្ឌភាព បរិស្ថានល្អ ហើយសង្ឃឹមជឿជាក់ថា នៅលើកោះរបស់យើងស្អាត មានពណ៍បៃតង និងជាកន្លែងដែលទាក់ទាញបំផុត ដោយឡែកនៅ គេថែរក្សាប្រាសាទចំពោះខេត្តព្រះសីហនុ យើងថែរក្សាឆ្នេរ និងកោះធម្មជាតិ ៕