ត្បូងឃ្មុំ ៖ ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយខ្សែទៀត ត្រូវបានបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ។នេះជា ស្ពានឆ្លងទន្លេមេគង្គថ្មីដែលតភ្ជាប់គ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការសាងសង់ស្ពាននេះ គ្រោងចំណាយថវិកាសរុបជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
គួររំឭកផងដែរថា បច្ចុប្បន្ន ខេត្តកំពង់ចាម មានស្ពានធំៗចំនួន២ ឆ្លងកាត់ទន្លេមេគង្គ គឺស្ពាន “គីហ្ស៊ូណា” ដែលជាជំនួយរបស់ជប៉ុន និងស្ពាន “កោះមិត្ត” ឬហៅថាស្ពាន “កោះប៉ែន” ដែលចំណាយថវិការបស់ជាតិ។
សូមជម្រាបថា គម្រោងសាងសង់ស្ពាននេះ នឹងចាប់ផ្តើមពីត្រើយខាងលិចស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គ ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ស្ពាននេះមានប្រវែងសរុប ១១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក៕