ខេត្តក្រចេះ ៖ ក្រោយពីមានករណីឃាតកម្ម វាយសម្លាប់លើបុរសរងគ្រោះ រស់នៅក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ពីជនមិនស្គាល់មុខ បណ្តាលឱ្យជនរងគ្រោះស្លាប់ក្រោយពីបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត នគរបាលក្រុងក្រចេះ បានអះអាងថា ករណីឃាតកម្មមួយនេះ គឺនគរបាល កំណត់បានលើមុខសញ្ញារបស់ជនដៃដល់អស់ទៅហើយដែរ។
បើទោះជាបែបណាក្រោយពីបានបង្កហេតុវាយសម្លាប់ ទៅលើបុរសរងគ្រោះម្នាក់ ឈ្មោះ រស់ ធឿន អាយុ៤២ឆ្នាំ បណ្តាលឱ្យស្លាប់នៅនិងលំនៅឋានមួយ ដែលមានទីតាំង នៅក្នុង ភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ រួចមកនោះ ជនសង្ស័យដៃដល់បានគេចខ្លួន និងមិន បានបន្សល់ទុកវត្ថុតាងអ្វីមួយនោះដែរ។
អធិការរងទទួលផ្នែកព្រហ្មទណ្ឌ លោកអនុសេនីយ៍ឯក អ៊ីវ សុខរ៉ាន់ បានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី៩ខែមករានេះថា ជនរងគ្រោះ ត្រូវបានជនដៃដល់ប្រដាប់ដោយវត្ថុរឹង បានលួចវាយចំក្បាល បណ្តាលឱ្យប្រកាច់និងបានស្លាប់ក្រោយពីបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យកាលពីព្រលប់ថ្ងៃទី៧ខែមករា។
លោកបានបន្តថា ក្រោយការចុះស៊ើបអង្កេតបានពិនិត្យឃើញថា មូលហេតុឱ្យមានអំពើវាយសម្លាប់ មួយករណីនេះគឺផ្តើមចេញពីរឿងគំនុំជំពាក់លុយគ្នាទៅវិញទៅមក ក្នុងមុខរបរជំនួញទិញលក់ឈើ រវាងជនរងគ្រោះជាមួយនិងជនដៃដល់។តែនគរបាលអះអាងថា ជនសង្ស័យត្រូវបានកំណត់ លើមុខសញ្ញាហើយក៏កំពុងតែបើកការស្រាវជ្រាវដើម្បីចាប់ខ្លួនផងដែរ ៕