អាជ្ញាធរ​ខេត្តសៀមរាប​បើក​ច្រកចេញចូល​តែ​១​ថ្នាក់​ខេត្តនៅ​ដើមខែ​កុម្ភៈនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2018 ក+ ក-

​សៀមរាប ៖ អភិបាលរង​ខេត្តសៀមរាប លោក​ពៅ ពិសិដ្ឋ បាន​ឲ្យ​ដឹងថា នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ការិយាល័យ​ច្រកចេញចូល​តែមួយ​ថ្នាក់​ខេត្ត នឹង​ចាប់ដំណើរការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ។​

​ថ្លែង​នៅក្នុង​អង្គប្រជុំ​សាមញ្ញ​លើក​ទី​៤៤ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អណ​ត្តិ​ទី​២ ថ្ងៃទី​០៩ ខែមករា​នេះ លោក​ពៅ ពិសិដ្ឋ អះអាងថា ការិយាល័យ​ច្រកចេញចូល​តែមួយ​នេះ នឹង​ជួយ​សម្រួល​ដល់​ការបម្រើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ល្អប្រសើរ​។ លោក​បន្តថា រហូតមកដល់​ពេលនេះ​ការិយាល័យ​នេះ បានរៀបចំ​រួចរាល់​ហើយ នៅសល់តែ​ការងារ បំពាក់​សម្ភារៈ​ការិយាល័យ​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៤ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប​នេះ គឺធ្វើឡើង​ដើម្បី​ពិនិត្យ និង​អនុម័ត​នូវ​របៀប​វិ​រៈ​ចំនួន​៤ និង​មានការ​ប្រកាស​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ថ្មី​០៤​រូប​ដែល​ជំនួស​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ចាស់ មកពី​បក្ស​ង្គ្រោះ ដែល​ត្រូវ​រំលាយ​ដោយ​អំណាច​សាលដីកា​តុលាការ​កំពូល​។

​ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ឯកឧត្តម បណ្ឌិត នូ ផល្លា បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នេះ ដោយបាន​កោតសរសើរ​ចំពោះ​រដ្ឋបាល​ខេត្តសៀមរាប ដែល​បាន​អនុវត្ត​ការងារ​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ​។ ទន្ទឹមគ្នា ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា ក៏បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ត្រូវខិតខំ​បន្ថែមទៀត នៅក្នុង​ការបម្រើ​ប្រជាពលរដ្ឋ និង​ឲ្យ​បាន​ស្មើភាព​គ្នា​៕