ខេត្តព្រះសីហនុ៖ កម្លាំងនគរបាល ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះបានឃាត់ខ្លួន ស្ត្រីម្នាក់ឈ្មោះ សំ សុខា ដែលជាសកម្មជនអតីតបក្សសង្គ្រោះជាតិ ដែលបានយកស្បែកជើងគប់រូបសំណាកសម្ដេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៧ កន្លងទៅនេះ នៅខេត្តព្រះសីហនុ។
ការចាប់ខ្លួនស្ដ្រីរូបនេះ ធ្វើឡើង ក្រោយលោក ស៊ឹង វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គ្រាបឲ្យចាប់ខ្លួន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។
ដីកាដដែល បញ្ជាក់ថា ស្ដ្រីឈ្មោះ សំ សុខា អាយុ៣៨ឆ្នាំ ត្រូវបានដាក់ស្ថិតក្រោមការពិនិត្យ ពីបទ «ប្រមាថ និងញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តទៅនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៤៥ ចន្លោះគីឡូម៉ែត្រលេខ ៤-៥ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ស្ត្រី សំ សុខា កាលពីពេលកន្លងទៅក៏ធ្លាប់បានចេញវីដេអូឃ្លីប ជេរប្រមាថធ្ងន់ៗ ទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ទៀតផងដូចជា សម្តេចតេជោ ហ៊ុន សែន សម្តេចពញាចក្រី ហេង សំរិន និងសម្តេចក្រឡាហោម ស ខេង ជាដើម។ តែក្រោយពីធ្វើសកម្មភាព ស្ដ្រីរូបនេះក៏បានរត់គេចខ្លួនចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃបាត់៕