ភ្នំពេញ ៖ ក្រោយពីប្រតិ្តកម្មខ្លាំងៗពីសំណាក់សម្តេចប្រមុខរដ្ឋាភិបាលកម្ពុជាស្តីពីការទប់ស្កាត់ និងមិនអនុញ្ញាតឲ្យរថយន្តធុនធំដឹកលើសចំណុះ រថយន្តកាត់តទ្រុងបើកបរឆ្លងកាត់ផ្លូវក្នុងរាជធានី ផ្លូវថ្នល់នានាបណ្តាលឲ្យរងនូវការខូចខាត និងបានបង្កឲ្យមនុស្សស្លាប់ ហើយការដាក់បទបញ្ជានេះតម្រូវឲ្យបញ្ឈប់ត្រឹមម៉ោង០០នៅយប់ថ្ងៃទី៩កុម្ភៈនេះ។
ប្រសាសន៍ធ្ងន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថាគ្មានវត្តមានឡានតទ្រុងចរាចរណ៍លើដងផ្លូវទៀតឡើយ ហើយនៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្តនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាត្រូវបញ្ចូលព្រៃសទាំងអស់។ សម្តេចក៏បានបញ្ជាក់ឲ្យដឹងទៀតថា បើដកចៅហ្វាយខេត្តយូរបន្តិចព្រោះត្រូវស្នើទៅព្រះមហាក្សត្រ តាមរយៈការស្នើរបស់នាយករដ្ឋមន្ត្រី តែបើដកចៅហ្វាយស្រុក ខណ្ឌតែ១៥នាទីទេ។
ប្រសាសន៍ដ៏ធ្ងន់ៗបែបនេះ បានធ្វើឲ្យអភិបាលខេត្ត អភិបាលក្រុង អភិបាលស្រុក និងអភិបាលខណ្ឌម្នាក់ៗភ័យស្លន់ស្លោរគ្រប់គ្នា ដេកមិនលក់បក់មិនល្ហើយគោះជួងចូលប្រជុំបន្ទាន់។ ដោយឡែកសាលារាជធានីភ្នំពេញក៏បានកោះប្រជុំមួយបន្ទាន់នៅព្រឹកថ្ងៃទី៩កុម្ភៈ ជាមួយនឹងសមត្ថកិច្ចគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១២ភ្លាមៗផងដែរ ដើម្បីអនុវត្តនូវបទបញ្ជាឲ្យបានដាច់ខាតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានជម្រុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវសហការជាមួយអាជ្ញាធរខណ្ឌចុះបិទយានដ្ឋានកាត់តទ្រុងខុសលកិ្ខណៈបច្ចេកទេស និងស្ទាក់ចាប់រថយន្តតទ្រុងរត់លើដងផ្លុវ និងដឹកលើសទម្ងន់ផងដែរ។ នេះគឺជាការលើកឡើងនៅព្រឹកថ្ងៃសុក្រ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងឱកាសប្រជុំរួមខណ្ឌទាំង១២នៅសាលប្រជុំសាលារាជធានី។
ដោយឡែកនៅក្នុងខណ្ឌដង្កោមានយាន្តដ្ឋានចំនួន៥ទីតាំង ដែលទីតាំងទិ១ ស្ថិតនៅផ្លូវព្រៃស សង្កាត់ព្រៃស ម្ចាស់ទីតាំងឈ្មោះ ចាន់ អេង។ លោក ចាន់ អេង បានផ្តល់បទសម្ភាសន៍តាមទូរស័ព្ទថា យាន្តដ្ឋានលោកមានអាជ្ញាប័ណ្ណត្រឹមត្រូវចេញដោយមន្ទីរជំនាញសាធារណការ។ លោក ចាន់ អេង ថាលោកមិនតទ្រុងនោះទេ ហើយអនុវត្តតាមការណែនាំរបស់មន្ទីរជំនាញបានត្រឹមត្រូវ។ ម្ចាស់រថយន្តភាគច្រើនមានក្រដាស់ស្នាមគ្រប់គ្រាន់ ទើបលោកជុសជុលជូន។ បើមិនដូច្នោះទេលោកមិនជុសជុលឲ្យនោះទេ ព្រោះថាយានដ្ឋានលោកផ្សារតទ្រុងរថយន្តតម្រូវតាមខ្នាតតាមលក្ខិណៈបច្ចេកទេស។
ទីតាំង១ទៀតស្ថិតនៅផ្លូវបំបែកការ៉េ៨ ភូមិបាគូ សង្កាត់ដង្កោ ក៏បានឲ្យដឹងដែរថា លោកមិនតទ្រុងឡានហួសលក្ខិណៈបច្ចេកទេសនោះ យានដ្ឋានជុសជុលទ្រុងចាស់ៗ ធ្វើថ្មីបន្តិចបន្តួច។ ម្យ៉ាងបើរថយន្តណាធ្វើខុសលក្ខិណៈបច្ចេកទេសក៏ខាងក្រសួងមិនចេញឆៀកឲ្យដែរ។
ទីតាំង១ទៀតស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ម្ចាស់ទីតាំងបានឲ្យដឹងដែរថា លោកពុំបានសុំច្បាប់ពីខាងណានោះទេ គ្រាន់តែដឹងឮត្រឹមអាជ្ញាធរសង្កាត់ភូមិប៉ុណ្ណោះ។ លោកទើបបើកបានជាង៥ខែ ក្រោយពីលោកចេញពីកន្លែងគេមកបើកអាជីវកម្មខ្លួនឯង។
ទីតាំង១ទៀតស្ថិតក្នុងភូមិព្រែកជ្រៃ នៅក្បែរផ្ទះមេភូមិក៏មានសកម្មភាពស្រដៀងគ្នានេះផងដែរ។ និងទីតាំង១ទៀតក្បែរវត្តព្រែកជ្រៃ ក៏សុទ្ធសឹងជាសកម្មភាពតទ្រុងខុសលក្ខិណៈបច្ចេកទេស។
ទោះបីជាយ៉ាងនេះក្តី មតិរិះគន់ក៏បានលើកឡើងថា តើការទប់ស្កាត់រថយន្តធំដឹកលើសទម្ងន់ ដឹកសំពីងសំពោងមិនឲ្យចូលក្នុងរាជធានីភ្នំពេញនេះ អាចអនុវត្តបានដល់ពេលណា? ព្រោះថាបទបញ្ជានេះក៏ធ្លាប់កើតមានម្តងហើយដែរកាលពី៤ឆ្នាំមុន៕