ភ្នំពេញ ៖ ផលិតផលអាហារបំប៉ន សម្រាប់កុមារ និង ផលិតផលថែរក្សាសុខភាពស្បែកមាតានិងទារក ពីប្រទេសបារាំង កំពុងវាយលុកទីផ្សារកម្ពុជា ខណៈប្រាក់ចំណូលពលរដ្ឋកម្ពុជាក៏មានកំនើនជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។ ផលិតផលដែលបានចូលមកកម្ពុជា និងកំពុងវាយលុកទីផ្សារនេះ ជាផលិតផលកំពុងពេញនិយមបំផុតនៅប្រទេសបារាំង និងប្រទេសជាច្រើនទៀតនៅលើពិភពលោក ហើយទទួលបានការគាំទ្រពីសំណាក់មាតាៗជាច្រើនផងដែរ ។
លោកមីស៊ែល សឺបង់ វេជ្ជបណ្ឌិតឯកទេសផ្នែកទារក កុមារ ស្ត្រីមកពីបារាំងបានអោយដឹងថា ការថែទាំទារក និងកុមារ អោយលូតលាស់បានល្អ គឺជារឿងមួយពិបាកណាស់ ។ ពេលខ្លះគេសង្កេតឃើញថា ឪពុកម្ដាយមានរូបភាពធំៗខ្ពស់ៗ តែពេលកូនពួកគាត់បែរជាទាបៗនិងមានមាឌតូចៗ ។ កត្តាទាំងនោះអាចបណ្ដាលមកពីការផ្ដល់អាហារូបត្ថម្ភមិនបានគ្រប់គ្រាន់ទៅតាមការលូតលាស់សរីរាង្គរបស់កូនពួកគាត់ ។
លោកបន្តថា នៅប្រទេសបារាំងគេនិយមប្រើផលិតផល បៃអូឡង់(Biolane ) ជាផលិតផលដែលមានការពេញនិយម និងទទួលស្គាល់យ៉ាងខ្លាំងនៅក្នុងប្រទេសបារាំង និងបានរាលដាលដល់បណ្ដាប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ី ព្រមទាំងមានការទទួលស្គាល់គុណភាព ពីសំណាក់អ្នកប្រើប្រាស់ផងដែរ ។ ដោយឡែក ការចូលមកដល់កម្ពុជារបស់ផលិតផលមួយនេះ ក៏ជាការសម្រួលដល់ការបីបាច់ថែរក្សាកូនៗរបស់ស្ត្រីកម្ពុជាផងដែរ ។ ផលិតផលនេះ មិនមែនមានត្រឹមតែអាហារបំប៉នកុមារនិងទារកប៉ុណ្ណោះទេ តែវាមានតាំងពីផលិតផលថែរក្សាស្បែក និងរូបរាងខាងក្រៅរបស់កុមារ និងស្ត្រីជាមាតាផងដែរ ។
អ្នកស្រីចាន់ ដាលីស នាយកផ្នែកលក់និងទីផ្សាររបស់ ហាងមេហ្សុងដឺរ៉ុប ដែលលក់ផលិផលបៃអូឡង់ នៅកម្ពុជា បានអោយដឹងថា ចាប់តាំងពីអ្នកស្រីយកផលិតផលនេះ មកកាន់ទីផ្សារកម្ពុជា ឃើញថាកំណើននៃការលក់បានចាប់ផ្ដើមកើនឡើងបន្តិចម្ដងៗ និងមានការទទួលស្គាល់ជាបន្តបន្ទាប់ពីអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ។ ដោយសារតែកំណើននៃអ្នកប្រើប្រាស់ជាបន្តបន្ទាប់ នៅពេលខាងមុខនេះ ក្រុមហ៊ុននឹងពង្រីកការចែកចាយទៅតាមបណ្ដាខេត្តនានាដែលមានសក្ដានុពល ដើម្បីសម្រួលដល់ស្ត្រី ជាមាតានៅទូទាំងប្រទេសដែលចង់បាននូវផលិតផលដែលអាចជួយរូបគាត់និងកូនគាត់ លូតលាស់បានល្អ ។
អ្នកស្រីបន្តថា បើទោះបីជាផលិតផលនេះ វាហាក់មានតម្លៃខ្ពស់បន្តិចមែន ក៏ប៉ុន្តែបើធៀបនឹងប្រាក់ចំណូល និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឃើញថាមានប្រជាពលរដ្ឋជាច្រើនអាចមានលទ្ធភាពទិញយកទៅប្រើប្រាស់ ក្នុងអំឡុងពេលកំពុងពរពោះ រហូតដល់កូននោះធំៗ ។ លោកស្រីថា ក្នុងឆ្នាំ ២០១៧កន្លងទៅនេះ កំណើននៃការលក់ផលិតផលបៃអូឡង់ នៅកម្ពុជាមានកំណើនរហូតដល់ជាង៧០ភាព ដែលធ្វើអោយក្រុមហ៊ុនត្រៀមយកផលិតផលម៉ាកថ្មីបន្ថែមទៀតសម្រាប់ចរាចរណ៍លើទីផ្សារកម្ពុជា ៕