ភ្នំពេញ ៖ ល្បែងស៊ីសងតាមអនឡាញ« យីហោ ៣៦៥» ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក បានបើកលេងយ៉ាងរលូនរាប់ឆ្នាំមកហើយ ចំណែកសមត្ថកិច្ចខណ្ឌចំការមន តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម គ្មានអើពើចំពោះទីតាំងដែលជាប្រភពនៃបទល្មើសកំពុងជ្រកក្រោមស្លាកអាជីវកម្ម អិនធឺណេត ៣៥៦ នេះទេ។
បុរសចំណាស់ម្នាក់ ដែលមានលំនៅឋានក្បែរទីតាំងអ៊ិនធើណិត២៤ម៉ោង ៣៦៥ នេះ បានរិះគន់ធ្ងន់ៗលើសមត្ថកិច្ចមូលដ្ឋាន ថា សមត្ថកិច្ចខណ្ឌចំការមន មិនដែលមកបង្ក្រាបទីតាំងខាងលើនេះទេ មិនដឹងថា មានមូលហេតុអ្វីខ្លះនៅពីក្រោយខ្នងនោះឡើយ ទើបគេមិនបង្ក្រាប។ បុរសដដែលបន្តថា នៅលើទឹកដីខណ្ឌចំការមន មានទីតាំងបើកល្បែងស៊ីសងភ្នាល់បាល់តាមអនឡាញ និងល្បែងស៊ីសងផ្សេងៗទៀត ឬកន្ទុយលេខច្រើនកន្លែងណាស់ ដែលល្បែងស៊ីសងខ្លះ ជ្រកក្រោមស្លាកអាជីវកម្ម អ៊ិនធឺណេត ២៤ម៉ោង ឯខ្លះទៀតជ្រកតាមផ្សារ និងខ្លះទៀត ជ្រកតាមអាហារដ្ឋាននានា។ បុរសចំណាស់ដដែលបាននិយាយដោយចំអកថា កុំសង្ឃឹមថា សមត្ថកិច្ចខណ្ឌចំការមន គេបង្ក្រាបទីតាំងដូចបានរៀបរាប់ខាងលើនេះ បើទោះបីជាដឹងថា ទីនោះជាជម្រកផ្តល់មធ្យោបាយឲ្យជនល្មើសអាចជ្រកកោនលាក់ខ្លួនដោយសារបើក២៤ម៉ោង លើ២៤ម៉ោង ដើម្បីជួបជុំរៀបចំផែនការមុនពេលចេញធ្វើសកម្មភាពលួច ឆក់ ឬប្លន់ ក៏ដោយ។
បុរសចំណាស់ដដែលនេះ បានដាក់ការចោទប្រកាន់ធ្ងន់ៗថា ជាទូទៅ ទីតាំងអាជីវកម្ម អ៊ិនធឺណេត ២៤ម៉ោង លើ២៤ម៉ោង កន្ទុយលេខ ឬល្បែងស៊ីសងដទៃទៀត គឺជាអតិថិជនរបស់មន្ត្រីមានសមត្ថកិច្ចមួយចំនួន ដូច្នេះមិនអាចនឹងលុបបំបាត់បានដោយងាយៗនោះទេ គេទុកចាំឱ្យសម្តេចនាយករដ្ឋមន្ត្រីស្រែកដាក់បញ្ជាតាមកាសែត ទូរទស្សន៍ ដូចករណីរថយន្ត ត ទ្រុងជាដើម ទើបធ្វើជាស្ទុះស្ទាកេណ្ឌកម្លាំងចាត់វិធានការ ហើយប្រកូកប្រកាសហៅក្រុមអ្នកកាសែត និងទូរទស្សន៍ឱ្យជួយផ្សព្វផ្សាយយកស្នាដៃ។
ប្រភពផ្សេងទៀតដែលស្និទ្ធនឹងថៅកែល្បែងតាមអិនធឺណេត ម្នាក់ បានប្រាប់ឱ្យដឹងថា មន្ត្រីសមត្ថកិច្ចខណ្ឌចំការមនបង្ក្រាបតែកន្លែងណាដែលមិនបង់លុយឲ្យពួកគេតែប៉ុណ្ណោះ កន្លែងណាដាក់ខែ គេមិនបង្ក្រាបនោះទេ។សូមបញ្ជាក់ថា យ៉ាងណាក៏ដោយ ខណ្ខចំការមន គឺជាខណ្ឌមួយដែលមានភូមិសាស្ត្រស្មុគស្មាញច្រើនណាស់ដែរ និងជាកន្លែងដែលសម្បូរទៅដោយបទល្មើសជាច្រើនទៀតផង ព្រោះមានក្មេងទំនើងប្រមូលផ្តុំគ្នាបានប្រើប្រាស់គ្រឿងញៀន និងលេងល្បែងស៊ីសងតាមអ៊ីនធើណេត២៤ម៉ោង លើ២៤ម៉ោង ដែលទីតាំងខ្លះ បានធ្ចើឱ្យសមត្ថកិច្ចវិលមុខ បង្ក្រាហើយបង្ក្រាបទៀតដូចវែកចក។
គួររំលឹកថា កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ធ្លាប់បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ខណ្ឌទាំងអស់ឲ្យបង្ក្រាបរាល់ល្បែងស៊ីសង គ្រឿងញៀន និងត្រូវទប់ស្កាត់បទល្មើសនានានៅតាមបណ្តាខណ្ខនីមួយៗ ឱ្យបានពេញលេញ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ ពិសេស បញ្ជាឱ្យចុះត្រួតពិនិត្យជាបន្ទាន់ទីតាំងអាជីវកម្ម អ៊ិនធឺណេត ព្រោះជាទង្វើខុសច្បាប់ បើសិនហ៊ានបើក២៤ ម៉ោងលើ២៤ម៉ោង៕