ព្រៃវែង ៖ រថយន្តធុនធំមួយគ្រឿង ដឹកផ្លែឈើពេញចូលមកពីប្រទេសវៀតណាម បំណងយកទៅលក់បន្តនៅ រាជធានីភ្នំពេញ បានប្រះខ្លួនដេកនៅលើកំណាត់ផ្លូវជាតិលេខ៨ ចាក់ផ្លែឈើចោលរាយប៉ាយពេញលើដងផ្លូវទាំងព្រឹកព្រលឹម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៨ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥៩.៦០ស្ថិតក្នុងភូមិត្នោត.ឃុំរកា.ស្រុកពារាំង.ខេត្តព្រៃវែង។
បើតាមរបាយការណ៍របស់សមត្ថកិច្ចនៃអធិការដ្ធាននគរបាលស្រុកពារាំងបានឲ្យដឹងថារថយន្តដឹកផ្លែឈើក្រឡាប់នោះម៉ាកហ៊ីយ៉ាន់ដាយពណ៏សពាក់ស្លាកលេខភ្នំពេញ3A.4049បើកបរដោយឈ្មោះយ៉ន.រ៉ូតភេទប្រុសអាយុ២៧ឆ្នាំមានទីលំនៅភូមិព្រែក.ឃុំចំប៉ី.ស្រុកបាទី.ខេត្តតាកែវដោយមានដឹកផ្លែឈើពេញរថយន្តទិសដៅ(ពីកើតទៅលិច)ចេញពីប្រទេសវៀតណាមគោលបំណងយកផ្លែឈើទៅលក់នៅផ្សារនាគមាសរាជធានីភ្នំពេញ។លុះពេលបើកមកដល់ចំណុចខាងលើរថយន្តបានដាច់កង់ក្រោយផ្នែកខាងឆ្វេងចេញពីរថយន្តទើបបណ្តាលឲ្យផ្អៀងក្រឡាប់ទទឹងផ្លូវខ្ចាក់ចេញសុទ្ធតែផ្លែឈើរាយប៉ាយលើថ្នល់ជាតិតែម្ដង។
ក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកសហការជាមួយនគរបាលប៉ុស្តិ៍បានចុះទៅជួយអន្តរាគមន៍ចរាចរណ៍លើដងផ្លូវកុំឲ្យមានការកកស្ទះពិបាកដល់អ្នកធ្វើដំណើរនិងបានឲ្យម្ចាស់រថយន្តហៅឡានមកស្ទូចយករថយន្តរបស់ខ្លួនទៅធ្វើការជួសជុលដោយខ្លួនឯង!ព្រោះករណីនេះមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដ៍ទៃនិងប៉ះពាលខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ធនោះឡើយ!ដោយគ្រាន់តែតៃអ្នកបើកបរបង្កដោយខ្លួនឯងបានរងរបួសស្រាលប៉ុណ្ណោះ។
ទោះយ៉ាងណា មតិមហាជនជាច្រើនបានលើកឡើងថា សព្វថ្ងៃនៅតាមបណ្តោយផ្លូវជាតិលេខ៨.ជាពិសេសនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះគេសង្កេតឃើញរថយន្តតូច.ធំដឹកទំនិញចូលពីប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងដូចហែកឋិនទានទាំងយប់ទាំងថ្ងៃគឺបើកបរលឿនៗណាស់!ហើយចំពោះគុណភាពទំនិញក៍គ្មានស្ថាប័នពាក់ពន្ធ័ណាមួយធ្វើការត្រួតពិនិត្យទៅលើគុណភាពនូវសារធាតុគីមីឲ្យបានត្រឹមត្រូវដើម្បីរក្សាការពារសុវត្ថិភាពសុខភាពរបស់អ្នកបរិភោគនោះដែរ៕