ប៉ោយប៉ែត ៖ ជនរងគ្រោះម្នាក់រងរបួសធ្ងន់បញ្ជូន ទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យរហូត២ដង ដោយចោទថាសមត្ថកិច្ចមួយក្រុមវាយធ្វើបាប (អាវុធហត្ថក្រុងប៉ោយប៉ែត) ក្នុងជម្លោះពាក្យសំដីកាលពីចុងខែមករា ឆ្នាំ២០១៨ នៅកម្មវិធីជួបជុំមួយក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សាន គឹមសេង ភេទប្រុស អាយុ24ឆ្នាំ ជាកម្មករ មានទីលំនៅភូមិក្បាលស្ពាន2សង្កាត់ និងក្រុងប៉ោយប៉ែត រងរបួសធ្ងន់ចំណុចពោះដេរជិត២០ថ្នេរនៅមន្ទីរពេទ្យខាងលើ។
ជុំវិញបញ្ហាខាងលើនេះ សាច់ញាតិជនរងគ្រោះនិងជនរងគ្រោះប្រាប់ថា កាលពីយប់ថ្ងៃទី21 មករា មានការប្រគំតន្ត្រីស្រាបៀរមួយនៅក្នុងភូមិ-កើតហេតុខាងលើ លុះម៉ោងជាង9យប់ថ្ងៃដដែលមានករណីផ្ទុះជម្លោះ គឺបងប្រុសបង្កើតរបស់ខ្លួនឈ្មោះ សាន គឹមសែន ភេទប្រុស អាយុ28ឆ្នាំ ផ្ទុះជម្លោះជាមួយអ្នកយាមកម្មវិធី។
ជនរងគ្រោះបន្តថា ដោយសារឃើញជម្លោះប្រវាយប្រតប់រវាងបងប្រុស និងអ្នកយាមកម្មវិធីនោះ ខ្លួនក៏បានស្ទុះទៅឃាត់ ព្រោះមិនចង់ឲ្យមានបញ្ហាកើតឡើង តែពេលនោះភាគីម្ខាងទៀត បានរាយការណ៍ទៅសមត្ថកិច្ច(អាវុធហត្ថក្រុងប៉ោយប៉ែត) ។ មួយសន្ទុះក្រោយមក ស្រាប់តែមានសមត្ថកិច្ចមួយក្រុមប្រហែលជា១០នាក់ចុះដល់កន្លែងកើតហេតុ មិនបានសួរនាំស្រាប់តែ បែរជាចាប់បងប្រុសរបស់ខ្លួនវាយខ្នោះ ហើយខ្លួនបានរារាំងសមត្ថកិច្ចតែត្រូវគេព្រួតវាយ រហូតរងរបួសធ្ងន់ធ្ងរដាច់ពោះវៀន និងត្រូវបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរីតែម្តង។ ជនរងគ្រោះប្រាប់ថា ខ្លួនចង់ដាក់បណ្តឹងទាមទាររកយុត្តិធម៌ដែរ ប៉ុន្តែមិនហ៊ាន ព្រោះយល់ថា គេជាសមត្ថកិច្ច ឯគ្រួសារខ្លួនជាអ្នកក្រីក្រ។
បុរសម្នាក់ឈ្នោះ សាន គឹមសែន ដែលអះអាងថាជាបងប្រុសជនរងគ្រោះ ថា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ដោយប្អូនរបស់ខ្លួនត្រូវបានបញ្ជូនទៅមន្ទីរម្ដងទៀតបន្ទាប់ពីអាការៈជំងឺរបស់ប្អូនរើខ្លាំងឡើងវិញ(ចុករមួលក្នុងពោះ)និងត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ថែមទៀតផង មិនដឹងថាជម្ងឺធ្ងន់ធ្ងរបែបណាឡើយ ចំណែករូបខ្លួន ក៏ត្រូវបានបង់ប្រាក់ចំនួន១៥០ដុល្លាផងដែរ ជាថ្នូរដោះលែងដើម្បីទៅមើលប្អូនរងគ្រោះសំរាកនៅមន្ទីរពេទ្យ។
ជុំវិញការចោទប្រកាន់ខាងលើនេះលោក បោន ប៉ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ អ្នកសារព័ត៌មានបានព្យាយាមទូរស័ព្ទដើម្បីសុំការបកស្រាយដែរតែទូរសព្ទ័ចូលចុចជាប់រវល់ ៕