អាជីវកម្ម​ផ្កាស្បៃរឿង និង​ផ្កា​អង្គារសីល៍ សម្រាប់​ត្រៀម​ចូលឆ្នាំ​ចិន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 February, 2018 ក+ ក-

​ភ្នំពេញ ៖ ផ្កាស្បៃរឿង ជា​ផ្កា​ស្រស់ស្អាត មាន​២​ពណ៌ គឺ​លឿងខ្ចី និង​លឿងទុំ ឬ​ស្លា​ទុំ​។ ផ្កាស្បៃរឿង ត្រូវបាន​ជួញដូរ​យ៉ាងសកម្ម នៅក្នុង​ពិធី​ត្រៀម​ចូលឆ្នាំ​ចិន នៅ​ឆ្នាំ​២០១៨​នេះ​។​
​ចំណែក​ផ្កា​អង្គារសីល៍ ត្រូវបាន​អ្នកលក់​អះអាងថា​មិនសូវ​សំបូរ​អ្នកទិញ យកទៅ​តាំង ក្នុង​ពិធី​ចូលឆ្នាំ​ចិន​ទេ​។​

​មុន​ថ្ងៃ​ចូលឆ្នាំ​ចិន មានការ​ជួញដូរ​ផ្កា​ចំនួន​២​ប្រភេទ គឺ​ផ្កាស្បៃរឿង និង​ផ្កា​អង្គារសីល៍​
​សម្រាប់​តាំង​ថ្វាយ​ទេវតា ក្នុងឱកាស​ចូលឆ្នាំ​ចិន​។​
​លោក មុំ ហុង អ្នកលក់​ផ្កា​ចល័ត នៅ​ម្តុំ​ផ្សារ​សាមគ្គី ឲ្យ​ដឹងថា ចូលឆ្នាំ​ចិន ឆ្នាំចរ​នេះ អ្នក​មក ទិញ​ផ្កា​ត្រៀម​តាំង​ផ្ទះ​ថ្ងៃ​ចូលឆ្នាំ ភាគច្រើន​ទិញ​តែ​ផ្កាស្បៃរឿង ឯ​ផ្កា​អង្គារសីល៍ មិនសូវមាន​
​អ្នកទិញ​យកទៅ​តាំង​ផ្ទះ​ទេ​។ លោក​អះអាងថា ឆ្នាំមុន​គាត់​លក់ដាច់​តែ​ផ្កា​អង្គារសីល៍​។​
​តែ​ឆ្នាំនេះ គេ​ទិញ​តែ​ផ្កាស្បៃរឿង ទំនងជា​ផ្កាស្បៃរឿង លក់​តម្លៃថោក​ជាង​ផ្កា​អង្គារសីល៍​។ លោក​ផ្កាស្បៃរឿង គាត់​ទៅ​ទិញ​ពី​ចំការ​វៀតណាម​ដាំ​នៅ​ព្រែក​ឯង​។ គាត់​ទិញ​១០០០​គុម្ព សម្រាប់​លក់ ពីថ្ងៃ​ទី​១០​កុម្ភៈ ដល់​ថ្ងៃ​១៤​កុម្ភៈ​ប៉ុណ្ណោះ​។​

​ចំណែក​អតិថិជន​ទិញ​ផ្កា​យកទៅ​តាំង​ផ្ទះ​ក្នុង​ពិធី​ចូលឆ្នាំ​ចិន បាន​ឲ្យ​ដឹងថា ពួកគាត់​មិន​ទិញ ផ្កា​អង្គារសីល៍​នៅ​ឆ្នាំនេះ ដោយសារ​ការទិញ​ផ្កា​នោះ​ពី​ឆ្នាំកន្លងមក​វា​បាន​ដុះ​និង​ចេញ​ផ្កា​
​ហើយ​គាត់​មិនចាំបាច់​ចំណាយលុយ​ទិញ​ផ្កា​អង្គារសីល៍​ថ្មី​យកទៅ​តាំង​ផ្ទះ​ទេ​។
​ចំណែក​ផ្កាស្បៃរឿង​វិញ ពួកគាត់​ទិញ​ជា​គូៗ យកទៅ​តាំង​នៅមុខ​ជំនៀងផ្ទះ មុខ​ហាង​រកស៊ី លក់ដូរ មុខ​ការិយាល័យ​ជាដើម ព្រោះ​វា​ជា​ផ្កា​នាំ​លាភ​សំណាង ហើយ​មាន​សម្រស់​លឿងខ្ចី​
​ស្រស់ស្អាត​។​

​ផ្កាស្បៃរឿង ជា​ផ្កា​ដែល​ដុះ​មិន​រើស​រដូវ​។ ផ្កាស្បៃរឿង​នេះ ធន់​នឹង​អាកាសធាតុ​ត្រជាក់​ល្មម ជា​ផ្កា​ដែល​អាច ធ្វើជា​ឱសថ ព្យាបាល​ជំងឺ​ក្អក​ជាដើម​។ ផ្កាស្បៃរឿង នៅក្នុង​ប្រទេស​កម្ពុជា បាន​ដាំ​ច្រើន នៅ​ខេត្តកណ្តាល បាត់ដំបង ប៉ៃលិន ជាដើម​។ ផ្កាស្បៃរឿង​នេះ ជនជាតិ ឥណ្ឌា ថៃ វៀតណាម ចិន និយម​ក្រង ជា​កម្រងផ្កា​បំពាក់​ឲ្យ​គ្នា ក្នុង​ពិធីសា​សា​នា​ធំដុំ និង ដាក់តាំង​ថ្វាយ​ទេវតា ដែល​គេ​ជឿថា នឹង​ផ្តល់នូវ​លាភ សំណាង ដល់​ពួកគេ​៕