រកឃើញ​រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស​ជិត​៣០០​គ្រឿងក្នុង​ចំណោម​រថយន្ត​ជា​១​ម៉ឺន​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 February, 2018 ក+ ក-

​ភ្នំពេញ ៖ តាម​របាយការណ៍​រប​ស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹង ថា រថយន្ដ​ធុន​ធំ​ជាង​១​ម៉ឺន​គ្រឿង ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច​ទូទាំងប្រទេស​ត្រួតពិនិត្យ ក្នុងនោះ​មាន​រថយន្ដ​ជិត​៣០០​គ្រឿង ដែល​ខុស​កែច្នៃ​បច្ចេកទេស ត្រូវ​កាត់ចោល​តែម្តង
​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ នេះ បាន​ឲ្យ​ដឹង ថា ដោយ​គិត​ត្រឹម​ថ្ងៃទី​១២ ខែកុម្ភៈ មាន​រថយន្ដ​ជាង​១​ម៉ឺន​គ្រឿង ត្រូវបាន​ចាប់​ត្រួតពិនិត្យ ដោយ​ក្នុងនោះ​២៨៧​គ្រឿង​បាន​កាត់​ទ្រុង​,១៦២​គ្រឿង​ត្រូវបាន​រុះរើ និង​ដោះ​ទ្រុង​ដែល​រៀបចំ​ត​ខុស​បច្ចេកទេស​, និង​៣២១​គ្រឿង​ត្រូវបាន​ចាប់​ទុក​រៀបចំ​កាត់​ជា​បន្ដបន្ទាប់​។​

យ៉ាងណាមិញ សម្រាប់​របាយការណ៍​លេខ​ខាងលើនេះ មិនទាន់មាន​ចំនួន​ពេញលេញ​នៅឡើយ​ទេ ដោយហេតុថា អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​ទូទាំងប្រទេស​បាន និង​កំពុងបើក​ប្រតិបត្តិ​នេះ​ជា​បន្ដបន្ទាប់​។​
​សូមជម្រាបថា បន្ទាប់ពី​ឃើញ​ហានិភ័យ នៃ​គ្រោះថ្នាក់​ចរាចរ​លើ​ដង​វិថី និង​ការបំផ្លាញ​ផ្លូវ​មកពី​ការដឹក​លើស​ទម្ងន់ របស់​រថយន្ត​ត​ទ្រុង ខុស​លក្ខណៈ​បច្ចេកទេស​នោះ សម្តេច​តេ​ជោ​ហ៊ុន សែន កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅនេះ បានដាក់​ចេញ​នូវ​បទបញ្ជា​ជាថ្មី ឲ្យ​ចាត់វិធានការ​ដ៏​តឹងរឹង​បំផុត ចំពោះ​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​ទាំងនេះ​។ ពោល​ចាប់ពី​ត្រឹម​ម៉ោង ១២៖០០​នាទី​យប់​ថ្ងៃទី​៩ ខែកុម្ភៈ គ្រប់​រថយន្ត​ត​ទ្រុង​មិនអាច​ធ្វើចរាចរ​លើ​ដង​វិថី​បានឡើយ ហើយ​បើ​ធ្វើចរាចរ​កន្លែង​ណា ត្រូវ​ចាប់​កាត់​កន្លែង​នោះ​។​

​ក្រោយ​បទបញ្ជា​នេះ មន្ត្រី​គ្រប់លំដាប់​ថ្នាក់​នៅតាម​រាជធានី​-​ខេត្ត បានធ្វើ​សកម្មភាព​យ៉ាង​សស្រាក់សស្រាំ​ចាប់​កាត់​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស​ទាំងនោះ ហើយ​ក៏មាន​ម្ចាស់​រថយន្ត​ខ្លះ បាន​យក​រថយន្ត​ទៅកាន់​ទ្រុង​ដោយ​ខ្លួនឯង​ផងដែរ​។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ប្រតិបត្តិការ​កាត់​រថ​យន្ត​ត​ទ្រុង​ខុស​បច្ចេកទេស​នេះ មិនមាន​ការដកថយ​នោះឡើយ ហើយ​ទឹកដី​ណា គឺ​ថ្នាក់ដឹកនាំ​នៃ​ខេត្ត​នោះ​ជា​អ្នកចាត់ការ​មិនចាំបាច់​ក្រសួង​សាធារណការ​នោះទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឲ្យ​ពិនិត្យមើល​យានដ្ឋាន​ទាំងឡាយណា ដែល​នៅ​បន្ត​កែច្នៃ​រថយន្ត ឬ ត​ទ្រុង​រថយន្ត​ខុសច្បាប់​នេះ​ផងដែរ បើ​មិន​គោរព​តាមច្បាប់​ទេ គឺ​បិទ​ចោល​តែម្តងទៅ​៕