ស្ពាន​អាកាស​ទី​៦​នៅ​ភ្នំពេញ គ្រោង​សាងសង់​នៅ​រង្វង់​មូល​ចោមចៅ​ក្នុង​ខែមេសា​ខាងមុខ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 February, 2018 ក+ ក-

​ភ្នំពេញ ៖ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស ចំណុច​រង្វង់​មូល​ចោមចៅ​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ​នាពេល​ខាងមុខ​។ នេះ​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា​បន្ថែម​លើ​ប ច្ចេកទេស​សាង សង់ស្ពាន​អាកាស​រង្វង់​មូល​ចោមចៅ​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែ​កុ​ម្ភះ​ម្សិលមិញ​។​

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅក្រោយ កិច្ចប្រជុំ​នេះ ថា ដោយពេល​បច្ចុប្បន្ន​ស្ថានភាព​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​ចំណុច រង្វង់​មូល​ចោមចៅ​ដែលមាន​ការកកស្ទះ​ចរាចរណ៍​ច្រើន​ហើយ​ម្យ៉ាងទៀត​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៤ ,​ផ្លូវជាតិ​លេខ​៣,​ផ្លូវ​សហព័ន្ធរុស្ស៊ី ចូលមក​រាជធានី​ភ្នំពេញ​មានការ​កកស្ទះ​ច្រើន ហើយ​ទៅ​ថ្ងៃ​អនាគត តំបន់​ចោមចៅ​នេះ ប្រសិន​បើសិនជា​មិនមាន​ការគិតគូ​ក្នុង​លទ្ធភាព​ដោះស្រាយ​បញ្ហា​ចរាចរណ៍ គឺ​រឹត តែ​នឹងមាន​ការកកស្ទះ​ច្រើនជាង​ពេលនេះ​ទៅទៀត​។

​ដូច្នេះហើយ​ទើប​នៅ​រសៀល​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៨ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​បន្ត​គិតគូរ​ទៅលើ​ការស្ថាបនា​សាងសង់​ស្ពាន​អាកាស​ចោមចៅ ដែលជា​គម្រោង​បាន​សិក្សា​អស់​រយៈពេល​ជា ច្រើន​ខែ​កន្លងមក ហើយ​នោះ​។​

​លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹង​បន្ត ថា នៅក្នុង​ផែនការ​នេះ​រដ្ឋបាល​រាជធានី​គ្រោង​នឹង បើក​ការដ្ឋាន សាងសង់​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ឲ្យ​បាន​មុន​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នា​ខែមេសា​ឆ្នាំ​២០១៨ ខាងមុខនេះ ។

​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា ដោយបាន​ឯកភាព​ទៅលើ​ជម្រើស​ក្នុងការ​ពិចារណា​ពី​ខាងដើម​ដែល មាន​ចំនួន​៧​គម្រោង ដោយបាន​ឯកភាព​យក​ជម្រើស​មួយ​ចុងក្រោយ ដែល​ក្នុង​ជម្រើស​នោះ មាន​ផល ប៉ះពាល់​តិចតួច​បំផុត ក្នុង​ជម្រើស​ផ្សេងៗ ហើយ​អាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​តំបន់ ចោមចៅ​បាន​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៤​កន្លែង គឺ​ស្ពាន​អាកាស​ក្បាលថ្នល់ នៅ​អតីត​រង្វង់​មូល​ក្បាលថ្នល់​,​ស្ពាន​អាកាស​ស្ទឹងមានជ័យ​,​ស្ពាន​អាកាស​៧​មករា ស្ថិតនៅ​ស្តុ​ប​ពេទ្យ​លោកសង្ឃ​,​និង​ស្ពាន​អាកាស​៥​មករា ស្ថិតនៅ​ស្ដុ​ប​តិច​ណូ ហើយ​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ ដែលជា​ស្ពាន​អាកាស​ទី​៥ នឹងត្រូវ​ស្ថាបនា​បញ្ចប់​នៅមុន​ចូលឆ្នាំ​ខ្មែរ​២០១៨​ខាងមុខនេះ​៕