ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីផ្ញើសារលិខិតអបអរសាទរសម្រាប់ទិវាជាតិទីក្រុងស្អាត ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមប្រធានបទៈ ទីក្រុងស្អាតដើម្បីទាំងអស់គ្នា និងពិធីប្រកាសជ័យលាភី ទីក្រុងស្អាតសម្រាប់ឆ្នាំ២០១៨-២០២១
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញនូវសារលិខិតមួយច្បាប់ ដើម្បីជាការអបអរសាទរចំពោះទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទៈ ទីក្រុងស្អាតដើម្បីទាំងអស់គ្នា និងពិធីប្រកាសជ័យលាភីទីក្រុងស្អាត សម្រាប់ឆ្នាំ២០១៨-២០២១ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ ដោយខ្លឹមសារនៃសារ លិខិត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២៧ ខែកុម្ភៈ ប្រារព្ធេទិវាទីក្រុងស្អាត ជារៀងរាល់ឆ្នាំ ដើម្បីជាប្រទីបបំភ្លឺ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំង អស់ ចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ដែលជាផ្នែកមួយនៃ ព្រះរាជាណាចក្រ អច្ឆរិយៈ ក្នុងស្មារតីបណ្តុះឆន្ទៈគ្រប់ភាគីទាំងអស់អោយស្រឡាញ់ភាពស្អាត និងបៃតង ព្រម ទាំងជម្រុញចូលរួមធ្វើអោយទីក្រុងរបស់យើងកាន់តែស្រស់ស្អាតប្រកបដោយភាពទាក់ទាញ ថែមទៀត។
សារលិខិតសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា សម្រាប់កម្ពុជា ទីក្រុងស្អាត ឬទីក្រុងបៃតង គឺសំដៅដល់ទីក្រុងដែលមានបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ល្អ សុវត្ថិភាព គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់គ្រាន់ ដែលផ្តល់នូវភាពកក់ក្តៅ និងមជ្ឈ ដ្ឋានរស់នៅល្អប្រសើរសម្រាប់ប្រជាជនក្នុងទីក្រុង និងការទស្សនាកម្សាន្តរបស់ភ្ញៀវទេសចរ។ ក្នុងន័យនេះ ទីក្រុងស្អាតដែលជាស្ពានចម្លងអោយវប្បធម៌ជួបគ្នា ជាកន្លែងដែលមានការ
ប្រាស្រ័យទាក់ទងគ្នា ផ្លាស់ប្តូរគំនិត ព័ត៍មាន និងចំណេះដឹង ជាស្ពានចម្លងអោយមានការ តភ្ជាប់រវាងប្រជាជន និងប្រជាជនពីគ្រប់ទិសទី និងគ្រប់ជាតិសាសន៍បាន និងកំពុងដើរតួជា ផលិតផលទេសចរណ៍ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រកបដោយគុណភាព និងផ្តល់
ភាពកក់ក្តៅ។
សូមបញ្ជាក់ជូនថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី៦ នៃការប្រារព្ធទិវាជាតិទីក្រុងស្អាត អមជា មួយជ័យលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១៕