ខេត្តកណ្តាល ៖ មុខទំនិញដែលកំពុងចររាចរណ៏នៅក្នុងផ្សារតាខ្មៅ ចំនួន៣៨គំរូ ត្រូវបានមន្ត្រីកាំកុងត្រូលខេត្តកណ្តាល មន្ត្រីមន្ទីរពាណិជ្ជកម្ម បានសហការគ្នាចុះផ្សារ និងធ្វើកោសល្យវិច្ជ័យតាមរយះរថយន្តមន្ទីរពិសោធន៏ចល័តរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៨។
ក្រុមការងារចំរុះដឹកានាំដោយលោក អ៊ូ ម៉ាន់រិន ប្រធានសាខាកាំក្រុងត្រូលខេត្ត និងលោក គ្រី ប៉ូរិន អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល។
លោក អ៊ូ ម៉ាន់រិន បានជំរាបជូនដល់អាជីវករ ដែលកំពុងបំរើសាវាផ្នែកចំណីអាហារនៅផ្សារតាខ្មៅ ដែលលក់ដូរជូនប្រជាពលរដ្ឋ អោយបានត្រឹមត្រូវតាមកំណត់កាលបរិច្ជេទកំប៉ុងកំពិតត្រូវដកចេញ រាល់មុខទំនិញត្រូវធានាមានគុណភាព សោភ័ណភាពទាំងការវេចខ្ជប់ ការបិទផ្លាកសញ្ញារបស់ក្រុមហ៊ុន ឫសិប្បកម្ម។
លោកក៏បាន ជំរាបផងដែរចំពោះតួនាទីរបស់អាជីវករទាំងអស់ មិនមែនគ្រាន់តែលក់ទំនិញរបស់ខ្លួនអោយអស់ពីតូប រាន ឫកញ្ជ្រែងនោះទេ គឺវាអាចទាក់ទងទៅនឹងសុខភាពរបស់ប្រជាពលរដ្ឋ ដែលតែងមកទិញទំនិញរបស់ពួកយើងយកទៅបរិភោគ ថាតើទំនិញរបស់ពួកយើងមានសុវត្ថិភាពក្នុងការហូបចុករបស់ប្រជាពលរដ្ឋដែរឫទេ ព្រោះថាបើការទទួលទានរបស់ប្រជាពលរដ្ឋមានបញ្ហាប៉ះពាល់សុខភាពនោះ អាជីវករនេះឯងក៏ជាអ្នករួមចំណែក១ផ្នែកដែរលើការជួយថែទាំសុខភាពរបស់ប្រជាជន និងរបស់មន្ត្រីជំនាញផ្នែកម្ហូបចំណីអាហារនេះដែរ ដូច្នេះការលក់ដូររបស់អាជីវករ និងការទិញទំនិញរបស់ប្រជាពលរដ្ឋ គឺវាមានទំនាក់ទំនងមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។បើទំនិញមិនមែនគុណភាព ឫសុវត្ថិភាពក្នុងការបរិភោគ អ្នកទិញអាចធ្វើការកំណត់សំគាល់ទីតាំង រាន តូប ដែលអាជីវករលក់ថ្ងៃក្រោយប្រជាពលរដ្ឋនឹងមិនចូលទិញទំនិញរបស់យើងឡើយ។ ក្នុងឱកាសចុះត្រួតពិនិត្យមុខទំនិញទាំង៣៨គំរូ ក្រុមការងារចំរុះបានរកឃើញទៅលើស្លឹកខ្ទឹម ដែលមានសល់សំណល់សារធាតុថ្នាំកសិកម្ម(តិចតួច) ដកហូតសត្វក្រួចបានចំនួន៣០kg ដែលមានសភាពខួចគុណភាព(ស្អុយរលួយ) ក្រៅពីនេះពុំបានរកឃើញសារធាតុអ្វីដែលនាំអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋឡើយ និងបានចែកខិតប័ណ្ណអប់រំស្តីពីចំណីអាហារ ជូនដល់អាជីវករដែលគាត់លក់ដូរតាមផ្ទះជុំវិញផ្សារ និងប្រជាពលរដ្ឋផងដែរ។
លោក អ៊ូ ម៉ាន់រិន ប្រធានសាខាកាំកុងត្រូល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលដាំដំណាំគ្រប់ប្រភេទ ត្រូវពិនិត្យអោយបានត្រឹមត្រូវ នៃអាយុកាលនៃការដាំមុននឹងយកមកលក់ដូរ ឫធ្វើចររាចរណ៏នៅក្នុងទីផ្សារ ដើម្បីកុំអោយប៉ះពាល់ដល់សុខភាពអ្នកបរិភោគ៕