ព្រៃវែង ៖រថយន្តលុចស៊ីសRX300មួយគ្រឿងបើកលឿនរ៉េចង្កូតទៅបុកមាត់លូទឹកហើយហោះរំលងប្រឡាយប្រហែល៤០ម៉ែត្រក្រឡាប់ផ្ងារជើងឡើងលើនៅកណ្តាលវាលស្រែកាលពីវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៨តាមបណ្តោយផ្លូវលំស្ថិតក្នុងភូមិអន្លុងស.ឃុំរំលេច.ស្រុកស៊ីធរកណ្ដាល.ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តដែលក្រឡាប់នេះម៉ាកLEXUS.RX300ពណ៌ស្កពាក់ស្លាកលេខ២AS.០១២៤បើកបរដោយឈ្មោះយិន.ចាន់ធារិទ្ធភេទប្រុសអាយុ២៨ឆ្នាំមានទីលំនៅភូមិជ្រោយអំពិល.សង្កាត់ក្បាលកោះ.ខណ្ឌច្បារអំពៅ.រាជធានីភ្នំពេញ។ ប្រភពបាននិយាយថាមុនពេលកើតហេតុគេឃើញរថយន្តបង្កបើកបរម្នាក់ឯងក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូង(ពីផ្សារព្រែកសណ្ដែកទៅព្រៃព្នៅ)លុះមកដល់ចំណុចខាងលើស្រាប់តែរ៉េចង្កូតទៅបុកមាត់លូរួចហោះរំលងប្រឡាយទឹកប្រហែល៤០ម៉ែត្រក្រឡាប់លើកជើងទ្រមេឃនៅកណ្តាលវាលស្រែរបស់ប្រជាពលរដ្ធតែម្តង។ភ្លាមនោះគេបានឃើញតៃកុងរថយន្តវ៉ៃកញ្ចក់ចេញមកក្រៅខ្លួនឯងដោយពុំមានរងរបួសអ្វីបន្តិចឡើយ។
ក្រោយទទួលបានព៌តមានកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ធានសហការជាមួយកម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យមើល។ប៉ុន្តែដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯងមិនមានគ្រោះថ្នាក់ដល់មនុស្សនិងមិនមានការខូចខាត
ដល់សម្បត្តិសាធារណៈសមត្ថកិច្ចក៍សម្រេចឲ្យម្ចាស់រថយន្តហៅឡានស្ទូចមកស្ទូចរថយន្តរបស់ខ្លួនយកទៅជួសជុលដោយខ្លួនឯង។ករណីនេះគឺបណ្តាលមកពីអ្នកបើកបរលឿនហួសល្បឿនកំណត់ និងធ្វេសប្រហេស៕