មន្ត្រី​យោធា​អគ្គនាយកដ្ឋាន​សម្ភា​រៈប​ច្ចេកទេស​ម្នាក់​បាញ់​អ្នករត់​តាក់ស៊ី​១​គ្រាប់​របួសធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2018 ក+ ក-

​ភ្នំពេញ ៖ ហេតុ​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង​៣​និង​២៧​នាទី​ទៀបភ្លឺ​ថ្ងៃទី​២០ ខែកុម្ភៈ​ឆ្នាំ​២០១៨ អ្នករត់​តាក់ស៊ី​ម្នាក់​ត្រូវបាន​បុរស​ម្នាក់​ចេញពី​ក្លឹប​កា​ហ្សា ទំនង​ស្រវឹងស្រា​ផង​បាន​ហៅ រថយន្ត​តាក់ស៊ី​ជិះ​ចេញ​មកដល់​ចំណុច​មុខ​រោងកុន​អង្គរ​មិនដឹងថា​មានទំនាស់​រឿង​អ្វី​បាន​ដក​កាំភ្លើងខ្លី​បាញ់​១​គ្រាប់​ទៅលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​របួសធ្ងន់ នៅ​ចំណុច​មុខ​អតីត​រោងកុន​អង្គរ ស្ថិតក្នុង​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ​បាន​ប្រាប់​អោយដឹងថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​បានចេញ​ពី​ក្លឹប​កា​ហ្សា​ទំនង​ស្រវឹងស្រា​ផង​បាន​ទាក់ទង​មក​ក្រុមហ៊ុន​នគររាជ​ដើម្បី​រក​តាក់ស៊ី​ជិះ ទើប​ជនរងគ្រោះ​ដែលជា​អ្នកបើករថយន្ត​តាក់ស៊ី នគររាជ​ដែល​ប្រចាំការ​ក្បែរ​នោះ បើករថយន្ត​ទៅ​ដឹក​ជនសង្ស័យ​លក្ខណៈ​ជា​ភ្ញៀវ​ធម្មតា​ប៉ុណ្ណោះ ។

ប្រភព​បន្តថា នៅពេល​ធ្វើដំណើរ​មកដល់​ចំណុច​មុខ​អតីត​រោងកុន​អង្គរ​មិនដឹងថា​កើតមាន​រឿង​អ្វី​នោះទេ ស្រាប់តែ​ជនសង្ស័យ​បាន​ដក​កាំភ្លើងខ្លី​បាញ់​១​គ្រាប់ សំដៅលើ​អ្នកបើកបរ​តាក់ស៊ី​ជា​ជនរងគ្រោះ ចំ​ចង្កេះ​ខាងស្ដាំ បណ្ដាល​ឲ្យ​របួសធ្ងន់​។​បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​ចុះ​ពីលើ​រថយន្ត រត់គេចខ្លួន​ចូលទៅ​ពួន​លើផ្ទះ​ជាន់​ទី​២ នៅ​ម្ដុំ​ក្រោយ​សាលាសង្កាត់​អូរឫស្សី​១​ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច ចុះ​ធ្វើការ​ដេញចាប់​តែម្ដង​។

ជនរងគ្រោះ​ឈ្មោះ ជុំ គា ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ខ្មែរ មុខរបរ រត់​ឡាន​តាក់ស៊ី ទីលំនៅ ភូមិ ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ ពោធិ៍​សែន​ជ័យ ។​ចំណែក ជនសង្ស័យ​ឈ្មោះ​ប៉ែន​សាយ​វ័​ន្ត ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ខ្មែរ មុខរបរ យោធា ឋានន្តរសក្តិ វរសេនីយ៍ឯក អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​ទីលំនៅ​ផ្ទះ​លេខ​២៨២​ភូមិ​ម័ល​សង្កាត់​ដង្កោ​ខណ្ឌដង្កោ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុងស្ថិត​ក្នុងការ​ឃាត់​ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ដើម្បី​សមត្ថកិច្ច​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕​