ភ្នំពេញ ៖ តំណាងអង្គការសហប្រជាជាតិ ដឹកនាំដោយលោកស្រី ក្លែរ វ៉ាន់ឌី វ៉ារែន បានជួបប្រជុំជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីជាង៥ម៉ោង នៅវិមានសន្តិភាពនៅថ្ងៃអង្គារនេះ។ ជំនួបនោះបានជជែក ពិភាក្សាពីកិច្ចដំណើរការនិងការចូលរូម របស់អង្គការសហប្រជាជាតិក្នុងកិច្ចដំណើរការអភិវឌ្ឍនៅកម្ពុជា។ តំណាងអង្គការសហ ប្រជាជាតិបានប្រកាសបន្តគាំទ្រកម្ពុជាក្នុងកិច្ចដំណើរការអភិវឌ្ឍ និងពង្រឹងភាពជាដៃគូជាមួយកម្ពុជាបន្តទៀត។
នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាពនៅព្រឹកម៉ិញលោកស្រី ក្លែរ វ៉ាន់ឌី វ៉ារែន តំណាងអង្គការសហប្រ ជាជាតិប្រចាំនៅកម្ពុជាប្រចាំកម្ពុជាបានបញ្ជាក់ជូនសម្តេចនាយករដ្ឋមន្ត្រីថា អង្គ ការសហប្រជាជាតិនឹងនៅតែ គាំទ្រចំពោះកម្ពុជាក្នុងការជម្រុញការអភិវឌ្ឍនៅកម្ពុជា អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រកម្ពុជា ជាមួយនឹងការពង្រឹងភាពជាដៃគូជាមួយកម្ពុជាបន្តទៀត។ នេះបើតាម ឯ.ឧ អ៊ាង សុផល្លែតជំនួយការផ្ទាល់ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់អ្នកកាសែតនៅក្រោយជំនួបនោះ ។ បើតាម ឯ.ឧ អ៊ាង សុផល្លែត នៅក្នុងជំនួបនោះលោកស្រី ក្លែរបានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលទទួលបានជោគជ័យជាវិជ្ជមានក្នុងការអភិវឌ្ឍតាមគោលដៅសហស្សវត្ស ន័យថាកម្ពុជាបានបញ្ចប់នូវការអនុវត្ត តាមគោលដៅអភិវឌ្ឍសហស្សវត្តមុនពេលវេលា។ លោកស្រី ក៍បានវាយតម្លៃខ្ពស់ចំពោះកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលដែលបានធ្វើ កន្លងមក ដែលជាមូលដ្ឋានគ្រឹះដ៍សំខាន់សម្រាប់ការអភិវឌ្ឍកម្ពុជាប្រកបដោយចិរភាព។ លោកស្រីថែមទាំងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តចូលរួមក្នុងបេសកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា អង្គសហប្រជាជាតិ បានចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សលើវិស័យបរិស្ថាន កសិកម្ម ក៍ដូចជាក្នុងវិស័យដោះមីននៅកម្ពុជា។ ពាក់ព័ន្ធនឹងកិច្ចគាំពារសង្គមវិញ អង្គការសហប្រជាជាតិបានចូលរួមក្នុងវិស័យអប់រំ សុខាភិបាល ពិសេសបញ្ហាជម្ងឺគ្រុនចាញ់ និងការលុបបំបាត់ជម្ងឺអេដស៍។ អង្គការសហប្រជាជាតិក៍បានចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អ ដូចជាការពង្រឹងលិទ្ធិប្រជាធិបតេយ្យ និងការចូលរួមកំណែទម្រង់ទាំងឡាយក្នុងរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមចំណែកជនជាតិភាគតិចនៅតាមរយៈការ ផ្តល់កម្មសិទ្ធិដីធ្លីដល់ពួកគាត់។
កិច្ចប្រជុំបានផ្តោតការយកចិត្ត និងពិភាក្សាយ៉ាងផុសផុលលើប្រធានបទសំខាន់មួយចំនួនដូចជា ការរៀបចំគោលដៅអភិវឌ្ឍដោយចិរភាព ដែលក្នុងនោះ ឯ.ឧ ឆាយ ថន រដ្ឋមន្ត្រីផែនការបានជម្រាបជូនអង្គប្រជុំ ថាឯកសារនេះបានឆ្លងកាត់កិច្ចប្រជុំបួនដងរួចមកហើយ ឯកសារនឹងដាក់ឆ្លងទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការអនុម័តនៅត្រីមាសទី១ឆ្នាំ២០១៨នេះ។ ជំនួបពីព្រឹកម៉ិញក៍ពិភាក្សាទៅលើបញ្ហាយុវជន ដូចជាការបណ្តុះបណ្តាល និងការងារ និងការគាំពារសង្គមផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អង្គការសហប្រជាជាតិស្របតាមរបាយការណ៍វឌ្ឍភាពរបស់លោកស្រីដែលបាន រាយការណ៍ជូនសម្តេចពាក់ព័ន្ធទៅនឹងលទ្ធផលការងារដែលបានអនុវត្តន៍ក្នុងឆ្នាំ ២០១៧កន្លងទៅ៕