សៀមរាប ៖ អាជ្ញាធរក្រុងសៀមរាប និងដាក់ពង្រាយកម្លាំងសម្រាប់រៀបចំសណ្ឋាប់ធ្នាប់នៅតាមបណ្តាផ្លូវសំខាន់ៗនៅក្នុងក្រុង ដើម្បីធានាឱ្យបាននូវសណ្ឋាប់ធ្នាប់ អនាម័យបរិស្ថានល្អ ធ្វើឱ្យក្រុងសៀមរាបកាន់តែមានសោភ័ណ្ឌភាពស្រស់បំព្រង សាកសមជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។
លោក សូ ប្លាតុង អភិបាលក្រុងសៀមរាបនៅព្រឹកថ្ងៃអង្គារ៦កើត ខែផល្គុន ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំសមត្ថកិច្ចចម្រុះ ចុះរៀបចំសណ្ឋាប់ធ្នាប់នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រចាប់ពីចំណុចមុខសណ្ឋាគារស្មាយលីង ដើម្បីធ្វើយ៉ាងណាឱ្យតាមបណ្តាផ្លូវមួយនេះមានសណ្ឋាប់ធ្នាប់ និងសោភ័ណ្ឌភាពល្អ។
លោក សូ ប្លាតុង បានមានប្រសាសន៍ថា ការរៀបចំសណ្ឋាប់ធ្នាប់នេះ គឺធ្វើឡើងជាបន្តបន្ទាប់នៅតាមបណ្តាផ្លូវសំខាន់ៗដូចជាផ្លូវ៦០ម៉ែត្រ ផ្លូវតាមបណ្តោយស្ទឹងសៀមរាប ផ្លូវជាតិលេខ៦ ផ្លូវលោកតាណឺយ ផ្លូវស៊ីវត្ថា ជាដើម។ ហើយផ្លូវទាំងនេះជាផ្លូវសំខាន់បំផុតសម្រាប់ក្រុងសៀមរាប ដែលមានភ្ញៀវទេសចរធ្វើដំណើរ២៤ម៉ោង។
លោកបានបញ្ជាក់ថា នៅពេលដែលអាជ្ញាធរក្រុងបានរៀបចំសណ្ឋាប់ធ្នាប់នៅតាមផ្លូវណាមួយមានលក្ខណៈស្អាតហើយនោះ អាជ្ញាធរក្រុងនិងដាក់ពង្រាយកម្លាំងប្រចាំការរៀបចំ២៤ម៉ោងដោយមិនឱ្យភាពអនាធិបតេយ្យវិលមកវិញបានទៀតនោះទេ។
លោកអភិបាលក្រុងសៀមរាបក៏ បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការចូលរួមសហការជាមួយអាជ្ញាធរទាំងអស់គ្នា ដើម្បីរៀបចំឱ្យទីក្រុងរបស់យើងស្អាត ព្រោះវាជាទីក្រុងរបស់យើងទាំងអស់គ្នា។ ហើយកន្លងមកនេះដោយមានការចូលរួមពីប្រជាពលរដ្ឋ និងអាជីវកអាជ្ញាធរក្រុងបានរៀបចំតំបន់ផប់ស្ទ្រិតឱ្យមានរបៀបរៀបរយប្រកបដោយជោគជ័យ។
សូមបញ្ជាក់ថា កន្លងទៅថ្មីនេះក្រុងសៀមរាបបានទទួលជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ហើយគេរំពឹងថា ភាពជោគជ័យនេះ និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាបកាន់តែច្រើនបន្ថែមទៀត៕