ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យក្រសួងយុត្តិធម៌ពន្លឿនការកាត់ក្តីឲ្យឆាប់ដល់អ្នកជាប់ឃុំដែលមិនទាន់កាត់ក្តី ដើម្បីកុំឲ្យមានការចោទប្រកាន់ថា រំលោភសិទ្ធិមនុស្ស។ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានពន្ធនាគារ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងឪកាសនោះដែរ សម្តេច ស ខេង បានថ្លៃងសង្កត់ធ្ងន់ដោយជំរុញឲ្យមន្ត្រីពន្ធនាគារ យកចិត្តទុកដាក់ចំពោះបញ្ហាអនាម័យ និងកន្លែងស្នាក់នៅរបស់អ្នកជាប់ឃុំ។
ជាមួយគ្នានេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានឯកភាពតាមការស្នើសុំរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការបន្ថែមប្រាក់របបប្រចាំថ្ងៃដល់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារជិត ៣ម៉ឺននាក់ ដោយសម្តច បានណែនាំឲ្យស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សម្តេច ស ខេង បានបញ្ជាក់ថា ប្រាក់របបប្រចាំថ្ងៃរបស់អ្នកជាប់ឃុំ គឺក្នុងមួយថ្ងៃបាន ២.៨០០រៀល ក្នុងម្នាក់ៗ។ ការផ្តល់ប្រាក់បន្ថែមនេះ គឺមិនឲ្យស្នើសុំសម្រាប់ប៉ូលិសដែលប្រចាំតាមមណ្ឌលកែប្រែនោះទេ។
លោកឧត្តមសេនីយ៍ឯក ចាន់ គីមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ មានជនជាប់ឃុំចំនួន២,៨៤ម៉ឺននាក់ ក្នុងនោះជនបរទេសមានចំនួនជាង ១,១ពាន់នាក់ (ស្រី ២៧១នាក់) អនីតិជនចំនួនជាង ១,៥ពាន់នាក់ (ស្រី៩៨នាក់) ស្ដ្រីមានផ្ទៃពោះ ចំនួន៣២នាក់ និងកូនតូចៗតាមម្ដាយចំនួន១៤៧នាក់ ក្នុងនោះមានស្រី៧២នាក់៕