ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៨០០លានយ៉េន ស្មើនឹងប្រមាណ ៧,៥លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
ការចុះហត្ថលេខានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកកុម្ភៈ ឆ្នាំ២០១៨ នេះ នៅទីស្តីការក្រសួងការបរទេស។ ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ហិបឆ្នោត ព្រមទាំងសម្ភារៈចាំបាច់ដទៃទៀត ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៨ផងដែរ៕