ស្ថាន​តំណាង​កម្ពុជា​អន្តរា​គម​ជួយ​ពលករ​ខ្មែរ​១១​នាក់ នៅ​ប្រទេស​ថៃ សិង្ហ​បុរី និង​ម៉ាឡេស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2018 ក+ ក-

១. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ម៉ាឡេស៊ី ដោះស្រាយ​បញ្ហា​និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​-​ពល​ការិនី​ខ្មែរ​ចំនួន​៨​នាក់ (​បុរស​៣​នាក់ និង​នារី​៥​នាក់​) ដែល​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​។ ពលករ​-​ពល​ការិនី​ទាំង​៨​នាក់​នោះ បាន​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

២. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​សឹង្ហ​បូរី បាន​ជួយ​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពល​ការិនី ខ្មែរ​១​នាក់ អាយុ​២៦​ឆ្នាំ មកពី​ខេត្តកំពង់ធំ ដែល​មិនអាច​ទ្រាំទ្រ​ការងារ​លំបាក​នៅ​សឹង្ហ​បូរី​បាន ។
ស្ថានទូត បានផ្តល់​កន្លែង​ស្នាក់នៅ អាហារ​បរិភោគ និង​ជួយ​ទាមទារ​លិខិតឆ្លងដែន​និង​សំបុត្រ យន្តហោះ​ពី​ភ្នាក់ងារ​នាំ​ពលករ ហើយ​ពល​ការិនី​បាន​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃទី​១០ ខែ កុម្ភៈ ឆ្នាំ​២០១៨ ។

៣. ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ ប្រទេស​ថៃ កំពុង​ធ្វើ​អន្តរា​គម​តាមផ្លូវ​ច្បាប់ ដើម្បី​ជួយ​ពលរដ្ឋ​ខ្មែរ​២​នាក់ មកពី​ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ២០១៨ នៅ​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា ក្នុងស្រុក​មឿង ខេត្ត​សា​កែវ ពីបទ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​។

បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរ​ទាំង​២​នាក់ កំពុង​ជាប់​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​ប៉ាង​ស៊ី​ដា ហើយ​ស្ថាន​អគ្គ​កុងស៊ុល កំពុង​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ពាក់​ព័​ន្ឋ​ថៃ ដើម្បី​ព​ន្លឿ​ន​សំណុំ​រឿងនេះ​ទៅ​តុលាការ​ឲ្យ​បាន​ឆាប់ និង​ត្រៀម​ផ្តល់​មេធាវី​ថៃ​ស្ម័គ្រចិត្ត​ជួយ​ការពារ​ក្តី​ផងដែរ​៕

(រូបថត ឯកសារថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧)