ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានប្រកាសថា ប្រតិបត្តិករដោះមីនទាំងអស់នៅកម្ពុជានឹងត្រូវទទួលបានសេវាពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ដូចទៅនឹងកម្មករ កម្មការិ នី មន្ត្រីរាជការ កីឡាករ កីឡាការនីដែរ។ ការប្រកាសនេះធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ១ម៉ឺន៥ពាន់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខនៅព្រឹកម៉ិញនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ប្រកាសថា ប្រតិបត្តិករជាអ្នកដោះមីននៅទូទាំងប្រទេស មិនថាបុគ្គលិករបស់ ស៊ី ម៉ាក់ ហាឡូត្រាស់ រឺ ម៉េកនោះទេ នឹងត្រូវទទួលបានការពិនិត្យព្យាបាលសុខភាព ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់នៅទូទាំងប្រទេស។
ការសម្រេច ផ្តល់កាដូថ្មីមួយទៀតនេះធ្វើឡើងបន្ទាប់ពីមានការស្នើពីស៊ីម៉ាក់ឲ្យមានការ ពិនិត្យលទ្ធភាពក្នុងការដាក់បញ្ចូលមន្ត្រីស៊ីម៉ាក់ និងប្រតិបត្តិករទាំងអស់អាចទទួលបានសេវាថែទាំងសុខភាពដូចទៅនឹងកម្មករ កម្មការិនីទូទៅដែរ។
នេះជាដំណោះស្រា យមួយដ៍មានសារៈសំខាន់បំផុតចំពោះប្រតិបត្តិករដែលនឹងអាចបង្កើនកំរិតជីវភាពនិងការសន្សំប្រាក់បន្ថែមទៀតផងដែរ។ ជាការកត់សំគាល់ ការប្រកាសផ្តល់កាដូពិសេសជូនដល់មន្ត្រីស៊ីម៉ាក់នាពេលនេះមិនមែនជាលើកដំបូងនោះទេ កន្លងមក រាជរដ្ឋាភិបាលបានសម្រេចផ្តល់កាដូពិសេសដល់កម្មករកម្មការិនី កីឡាករ កីឡាការនី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេភូមិ អនុភូមិ ក្រុមប្រឹក្សាឃុំ ចៅសង្កាត់ មេឃុំនៅទូទាំងប្រទេស អាចពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ទូទាំងប្រទេស ដើម្បីលើកកំពស់កំរិតជីវភាព និង លើកកំពស់សុខុមាលភាពរបស់ប្រជាជនផងដែរ។
.
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់នៅថ្ងៃនេះបានសំដែងនូវការអរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីចំពោះចិត្តមេត្តាធម៌ និងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះអ្នកជំនាញដោះមីន គ្រាប់សំណល់ពីសង្គ្រាមក្នុងការផ្តល់កាដូពិសេសនេះ ។ បើតាម ឯ.ឧហេង រតនាបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការ សម្របសម្រួល និងពិភាក្សាជាមួយគ្នារួចរាល់សម្រាប់ការឲ្យអនុវត្តនូវការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃដល់មន្ត្រីស៊ីម៉ាក់ និងប្រតិបត្តិករដោះមីនដទៃទៀត ។ គួរបញ្ជាក់ថា មន្ត្រីបុគ្គលិក និងប្រតិបត្តិករដោះមីនរបស់អង្គភាពស៊ីម៉ាក់បច្ចុប្បន្ន មានចំនួន ១៧១៥នាក់នៅទូទាំងប្រទេស ដែលក្នុងនោះមានទីស្នាក់កណ្តាល នៅទីក្រុងភ្នំពេញ និងអង្គភាពគាំទ្រដល់ការដោះមីនចំនួន៦នៅតាមបណ្តាខេត្ត និងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញដោះមីនចំនួនមួយនៅទឹកដីខេត្តកំ ពង់ឆ្នាំង៕