តុលាកា​សម្រេច​ឃុំខ្លួន​ក្រុម​ចាប់ជំរិត​២៩​នាក់ ពីបទ ឆបោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ងិន ពេ​ជ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​២០ ខែកុម្ភៈ នេះ​បានបញ្ចប់​ការសាកសួរ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចំនួន​២៩​នាក់ និង​បញ្ជូន​សំណុំរឿង​ដល់ដៃ​ចៅក្រម​ស៊ើបសួរ​លោក អ៊ុក សុវណ្ណ​រិ​ទ្ធ សម្រេច​ចេញ​ដីកាឃុំខ្លួន​នៅ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ពីបទ ឆបោក​មាន​ស្ថាន​ទម្ងន់ទោស និង​បទ កំហែង​យក តាម​មាត្រា​៣៧៧ .៣៨០​និង​មាត្រា​៣៦៣ នៃ​ក្រមព្រហ្មទណ្ឌ​។
​មន្ត្រី​តុលាការ​ថ្លែងថា​ជនសង្ស័យ​ទាំងអស់​មាន​ជនជាតិ​ចិន​៤​នាក់​និង​ជនជាតិ​ថៃ​២៥​នាក់​។​
​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ថ្លែងថា​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ពីរ​គោលដៅ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ។​
​នាយ​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់ទៀតថា សមត្ថកិច្ច​ក៏​កំពុង​ស្វែងរក​ចាប់ខ្លួន​មេក្លោង​ចាប់ជំរិត​ចាប់​ប្រព័ន្ធ Internet ២​នាក់​ប្តី​ប្រពន្ធ ដែលជា​ជនជាតិ​ចិនតៃវ៉ាន់​កំពុង​រត់គេចខ្លួន ដែល​មេក្លោង​ទាំង​២​នាក់ ប្តី​ប្រពន្ធ​នេះ មាន​ដីកា​ឱ្យ​ចាប់ខ្លួន​ពី​តុលាការ​ប្រទេស​ថៃ​ផងដែរ​។ មេបញ្ជាការ​អាវុធហត្ថ​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​បង្ក្រាប​ទាំង​២​ករណីនេះ​រួច កម្លាំង​អាវុធហត្ថ​កំពុងធ្វើការ​ស្រាវជ្រាវ បទល្មើស​នេះ​បន្តទៀត ហើយ​ករណី​បង្ក្រាប​នេះ អាច​ចាត់ទុកថា ជា​លើក​ទី​១ ដែលមាន​ជនជាតិ​ថៃ ចូលរួម​ក្នុង​បទល្មើស​ចាប់ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ អ៊ីនធឺណិត​ដែល​កន្លងមក​ធ្លាប់​តែមាន​ជនជាតិ​ចិន ដែល​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារប្រាក់​នេះ​៕