ក្រសួងមហាផ្ទៃ​នឹង​បន្ថែម​ថវិកា​លើ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 February, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​មហាផ្ទៃ​បាន​អះអាង ថា​ក្រសួង​នឹង​ពិនិត្យ​លទ្ធភាព​បន្ថែមទៀត ក្នុងការ​បន្ថែម​កញ្ចប់​ថវិកា​សម្រាប់​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នៅតាម​មូលដ្ឋាន​ដើម្បី​បង្កើន​សន្តិសុខ សុវត្ថិភាព​ប្រជាពលរដ្ឋ​។

​ថ្លែង​នៅក្នុង​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​អគ្គនាយកដ្ឋាន​ភស្ដុភារ​និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង មហាផ្ទៃ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ក្រសួង​កំពុង​ខិតខំ​ពិនិត្យ​លទ្ធភាព​បន្ថែមទៀត​ក្នុងការ​ពង្រីក​នូវ​ការផ្តល់​មធ្យោបាយ​ដល់​ប៉ុស្តិ៍នគរបាល​នៅតាម​មូលដ្ឋាន ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ឲ្យ​មន្ត្រី​មូលដ្ឋាន​ខិតខំ​បន្ថែមទៀត​ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​។ ការអះអាង​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​នៅពេលនេះ​នៅ​គ្រា ដែល​ក្រសួង​បានដាក់​ចេញ​នូវ​គោលនយោបាយ ដែល​បាន​នឹង​កំពុង​អនុវត្ត ក្នុងការ​ប្រែក្លាយ​ភូមិ​ឃុំ នៅ​មូលដ្ឋាន​ជា​ភូមិ​ឃុំ​ស គ្មាន​គ្រឿងញៀន​។​

​សម្តេច​បញ្ជាក់ថា ការយកចិត្តទុកដាក់​ឧបត្ថម្ភ​ចំពោះ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាពជា​រឿង​ដ៍​មាន​សារៈសំខាន់​មួយ​ក្នុងការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ បើតាម​សម្តេច​ក្រឡាហោម កន្លងមក​ក្រសួង​មាន​គោលនយោបាយ​សម្រាប់​ប៉ុស្តិ៍នគរបាល រដ្ឋបាល​នីមួយៗ​រួចហើយ ប៉ុន្តែ​អ្វីដែល​ត្រូវយក​ចិត្ត​ទុក​បន្ត​នោះ​គឺ ការផ្តល់​មធ្យោបាយ ដែល​សំដៅ​ដល់​ការបន្ថែម​ប្រាក់ឧបត្ថម្ភ បន្ថែម​ប្រេងសាំង​ដល់ ប៉ុស្តិ៍នគរបាល ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​បន្ថែមទៀត ។ សម្តេច​កត់សំគាល់ថា បើ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បានល្អ ហើយ​ខ្លាំង គឺ​សន្តិសុខ​នៅ​មូលដ្ឋាន​ក៍​ល្អ​ទៅតាម​នោះដែរ ហើយ​បើ​សន្តិសុខ​នៅ​មូលដ្ឋាន​ល្អ ហើយ​នោះ​សន្តិសុខ​នៅ​ទូ ទាំង​ប្រទេស​វា​នឹង​ល្អ​ដែរ​។

​ដូច្នេះ​អ្វីដែល​យើង​ត្រូវធ្វើ​គឺ ត្រូវ​ពង្រឹង មូលដ្ឋាន​មុនគេ​តែម្តង ពោលគឺ​រាប់​ចាប់ពី​ការជ្រើសរើស​ក្របខណ្ឌ ការបណ្តុះបណ្តាល​មុននឹង​ចូលធ្វើការ និង​ការបំពាក់​មធ្យោបាយ​សម្រាប់​ធ្វើការ ទាំង​មធ្យោបាយ​ទាក់ទង ទាំង​មធ្យោបាយ​ធ្វើដំណើរ​តាមរយៈ​ការឧបត្ថម្ភ​ប្រេង​ដល់​មន្ត្រី​ទាំងនោះ​៕