ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃលើកទី៦ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ទី ២២ ខែកុម្ភៈឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា កម្ពុជា និងថៃបានប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន ១៥ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២០ ខណៈ ឆ្នាំ ២០១៧កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងសម្រេចបានត្រឹមតែជាង៦ពាន់លានប៉ុណ្ណោះ ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមគណៈអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជានិងលោក សុនធិរ៉ាត់ សុនធិជីរ៉ាវង្ស (SontiratSontijirawong) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រថៃឡង់ដ៏និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងតំណាងវិស័យឯកជននៃប្រទេសទាំងពីរប្រមាណជាង ១០០នាក់ ដើម្បីពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃលទ្ធផលដែលបានអនុម័តនៅឯកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងកម្ពុជានិងថៃលើកទី៥ នៅទីក្រុងបាងកក ប្រទេសថៃ ឆ្នាំ២០១៥និងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមថ្មីនានាដូចជា ការនាំចូលជ្រូក ខ្សែភាពយន្តប្រេងឥន្ធន: ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជានិងការអនុវត្តច្បាប់គយថ្មីរបស់ថៃ។
ក្រៅពីការបង្កើនទំហំពាណិជ្ជកម្ម ភាគីកម្ពុជា បានស្នើភាគីថៃបន្ថែមរយៈពេលនៃការនាំចូលពោតពីកម្ពុជារហូតដល់ខែតុលារៀងរាល់ឆ្នាំដែលពីមុនការនាំចូលពោតមានរយៈពេលតែប្រាំខែប៉ុណ្ណោះ គឺចាប់ពីខែមីនា ដល់ខែសីហា។លើសពីនេះ ភាគីទាំងពីរបានឯកភាពបង្កើតក្រុមការងារចម្រុះដែលនឹងត្រូវកោះប្រជុំលើកទី១របស់ខ្លួន នៅក្នុងរយៈពេល ៣ខែបន្ទាប់ពីកិច្ចប្រជុំនេះ។
ទន្ទឹមគ្នានេះភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាច្រើនរួមមានកិច្ចសហប្រតិបត្តិការសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការបើកច្រកព្រំដែនកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងវិនិយោគ ជាដើម។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរក៍បានចុះហត្ថលេខាលើឯកសារចំនួនពីរ គឺ (១)យុទ្ធសាស្ត្រកំណើននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមបណ្តាខេត្តជាប់ព្រំដែននិង (២) អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម។
បន្ថែមពីនេះ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានកោតសរសើរចំពោះការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មលើកទី៦ របស់កម្ពុជា ប្រកបដោយជោគជ័យ និងបានប្តេជ្ញាទ្រទ្រង់និងជំរុញយន្តការកិច្ចសហប្រតិបត្តិការនានា ដើម្បីបង្កើនពាណិជ្ជកម្មនិងវិនិយោគ ៕