ប៉ោយប៉ែត៖ ល្បែងកន្ទុយលេខ និងល្បែងភ្នាល់តាមអនឡាញ ព្រមទាំងបនល្បែងខុសច្បាប់ជ្រកក្រោមស្លាកកាស៊ីណូ ត្រូវបានគេរាយការណ៏ថា កំពុងរីកលូតលាស់ស្ទើរតែគ្រប់ទីកន្លែងទៅហើយ តែក៏មិនទាន់ឃើញសមត្ថកិច្ចជំនាញនៅក្នុងក្រុងប៉ោយប៉ែតបង្ក្រាបនោះទេ គេសង្ស័យថា ការមិនបង្ក្រាប អាចទទួលបានផលប្រយោជន៍ពីម្ចាស់ហ្គេម និងម្ចាស់អនឡាញទាំងនោះ ទើបបានជានៅស្ងាត់ស្ងៀមធ្វើឲ្យពលរដ្ឋព្រួយបារម្ភទៅនឹងសុវត្ថិភាព។
ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែតកំពុងតែនាំគ្នាមានការពិបាកចិត្ត និងព្រួយបារម្ភកូនៗរបស់ពួកគាត់នាំគ្នាគេចសាលារៀន ចូលទៅលេងហ្គេម ជារៀងរាល់ថ្ងៃ កត្តាទាំងអស់នេះហើយ អ្នកស្រុករស់នៅតំបន់នេះ កំពុងព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាអសន្តិសុខក្នុងគ្រួសារ ក៏ដូចជាបញ្ហាអំពើចោរកម្មផ្សេងៗ ដែលអាចកើតមានជាយថាហេតុនៅក្នុងមូលដ្ឋាន ។ ដូច្នេះគួរតែមានវិធានការទប់ស្កាត់ ឬត្រូវមានវិធានការបែបណា ដើម្បីចៀសវាងកុំឲ្យបញ្ហានេះរីករាលដាលកាន់តែធ្ងន់ធ្ងរ ដែលអាចឈានដល់ការនិរាសព្រាត់ប្រាសក្រុមគ្រួសារ ដែលផ្ដើមចេញល្បែងកន្ទុយលេខ និងល្បែងអនឡាញកាន់តែច្រើនឡើងៗ នៅក្នុងក្រុងប៉ោយប៉ែតគួរឲ្យកត់សម្គាល់។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងអនឡាញមួយចំនួនសុទ្ធសឹងតែមានម្ចាស់ជាអ្នកមានអំណាច និងមានតួនាទីជាកងកម្លាំងប្រដាប់អាវុធផងដែរ ។
ចំណែកម្ចាស់ទីតាំងហ្គេមផ្សេងទៀតធ្លាប់បានប្រាប់ថា ពួកគាត់អាចដំណើរការបានដោយសុវត្ថិភាពរហូតមកដល់ពេលនេះ គឺបានបង់ប្រាក់ឲ្យទៅឲ្យគ្រប់ជំនាញ ។
សេចក្ដីរាយកាបញ្ជាក់ថា កន្លែងលេងហ្គាម និងល្បែងអនឡាញមានទីតាំងដូចជា ល្បែងអនឡាញទី១: នៅចំណុចផ្លូវដើមពុទ្ទ្រា ចំងាយពីហាងនំបុ័ង កៅ កៃ ២០-៣០ម៉ែត្រ ស្ថិតក្នុងភូមិក្បាលស្ពាន២ ទីតាំងហ្គេមទី២:នៅខាងកើតស្តង់ជ្រូកប្រហែល១០០ម៉ែតស្ថិតក្នុងភូមិបាលិលេយ្យ២ និងទីតាំងទី៣អនឡាញ: ម្ចាស់ត្រូវបានលឺគេហៅថា ធី ដើមពោធិ៍ ស្ថិតនៅជិតសាលារៀនហូហ្វ្រែន ស្ថិតក្នុងភូមិក្បាលស្ពាន២សង្កាត់ក្រុងប៉ោយប៉ែត ។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើ អ្នកសារព័ត៌មានមិនទាន់មានការបកស្រាយពីលោកអធិការក្រុងប៉ោយប៉ែតឡើយ ព្រោះថាទូរសព្ទ័គ្មានអ្នកទទួល ៕