កំពង់ឆ្នាំង ៖ ជញ្ជីងត្រឹមត្រូវតាមស្តង់ដា ឬហៅថាៈ ជញ្ជីងយុត្តិធម៌ ១គ្រឿង ត្រូវបានមន្ទីរ ឧស្សហកម្ម សិប្បកម្ម ប្រគល់ជូនប្រធានផ្សារលើខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៨ ក្រោមអធិបតីភាព អភិបាលរងខេត្ត សម្រាប់ ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ ទិញទំនិញដោយការថ្លឹង ដែលសង្ស័យថាៈ មិនគ្រប់ទម្ងន់អាចយកមកថ្លឹងសាកល្បង បាន។ នេះជាលើកទី១ហើយសម្រាប់ខេត្តកំពង់ឆ្នាំង ដែលរៀបចំដាក់ជញ្ជីង យុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋ ទិញទំនិញ អោយមានសុក្រិតភាព នៃទម្ងន់ ដែលបានរៀបចំដាក់ខាងមុខផ្សាលើ ខេត្តកំពង់ឆ្នាំង។
លោក ទិត្យ វង្សវិសាល អនុប្រធានមន្ទីរឧស្សាហកម្ម សិប្បកម្ម ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថាៈ យោងតាមការណែនាំ ក៍ដូចជាការផ្តល់នូវជញ្ជីងយុត្តិធម៌ របស់ក្រសួង ថ្ងៃនេះ ការិយាល័យស្តង់ដា មាត្រាសាស្ត្រ នៃមន្ទីរឧស្សហកម្ម សិប្បកម្ម បាននាំយកនូវជញ្ជីងស្តង់ដា មួយគ្រឿង មកប្រគល់ជូនប្រធានផ្សាលើ ខេត្តកំពង់ឆ្នាំង គឺក្នុងគោលបំណង ទុកសម្រាប់ប្រជាពលដែលទិញទំនិញ ដោយការថ្លឹង មាន បន្លែ ត្រី និងសាច់ជាដើម ដែលសង្ស័យថាៈ មិនគ្រប់ទម្ងន់ អាចយកមកសាកល្បង ជញ្ជីងយុត្តិធម៌ ដែលដាក់ប្រចាំការ នៅខាងមុខផ្សារលើនេះបាន ។លោកបានបញ្ជាក់ថាៈ ជញ្ជីងយុត្តិធម៌នេះ អាចថ្លឹងទម្ងន់ត្រឹម ៣០គីឡូក្រាម ចុះក្រោម ដែលមានមាត្រាសាស្ត្រត្រឹមត្រូវ និងកូនជញ្ជីងសម្រាប់វាស់ទម្ងន់ចាប់ពីកូន១ក្រាម រហូតដល់កូនទម្ងន់១០គីឡូក្រាម ។
ក្នុងឱកាសនោះដែរ លោក ហ៊ី ណាត អភិបាលរងខេត្តកំពង់ឆ្នាំង ក៍បានណែនាំ ដល់មន្ត្រីនៃមន្ទីរ ឧស្សាហកម្ម សិប្បកម្ម ត្រូវ ចុះទៅផ្សព្វផ្សាយដល់អាជីវករលក់ ដូរទាំងអស់ សូមយកជញ្ជីងរបស់ខ្លួន មកសាកល្បង ដើម្បីយកតាមស្តង់ដា ត្រឹមត្រូវ ជាសវាងការខាតបង់ ព្រោះពេលខ្លះជញ្ជីងរបស់បងប្អូនអាជីវករ អាចធ្ងន់ជាងស្តង់ដា តែបើជញ្ជីងមិនត្រឹមត្រូវអាចស្រាលជាងស្តង់ដា ដែលនាំអោយខាតបង់អ្នកទិញ សូមប្រញាប់កែតម្រូវជាបន្ទាន់ ជាសវាងជម្លោះជាមួយអ្នកទិញ និងម្យ៉ាងវិញទៀត ការលក់ដូរដោយកេញបន្លំ ទម្ងន់ អាចប្រឈមចំពោះមុខច្បាប់ទៀតផង ។ ជាមួយគ្នានេះ សាម៉ីមន្ទីរត្រូវធ្វើសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលតែងតែទិញទំនិញជារៀងរាល់ថ្ងៃ អោយពួកគាត់បានដឹងថាៈ យើងបានដាក់ជញ្ជីងយុត្តិធម៌ មួយគ្រឿងសម្រាប់ ថ្លឹងសាកល្បង បើសង្ស័យថាៈ ទំនិញដែលគាត់បានទិញមានទម្ងន់មិនគ្រប់ ។
សូមរំឮកដែរថាៈ នេះជាលើកទី១សម្រាប់ខេត្តកំពង់ឆ្នាំង ដែលបានរៀបចំដាក់ជញ្ជីងយុត្តិធម៌ នៅមុខ ផ្សារលើនេះ ដើម្បីអោយមានភាពយុត្តិធម៌ចំពោះប្រជាពលរដ្ឋ ព្រោះកន្លងមកមានលេចឮពាក្យចចាមអារាមថាៈ អ្នកទិញ ត្រី សាច់ ១គីឡូក្រាមបានតែ ៧-៨ខាំ ជាដើម ៕