បទល្មើស​ឈូសឆាយ​ដីព្រៃ​គ្មាន​ច្បាប់​កើត​ច្រើន​ករណី​នៅ​ខេត្តកំពង់ធំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 February, 2018 ក+ ក-

កំពង់ធំ ៖ ប្រជាពលរដ្ឋ និយាយថា ទង្វើ​ឈូសឆាយ​ដីព្រៃ គ្មាន​ច្បាប់ អនុញ្ញាតិ ជាច្រើន​ករណី នៅ​ខេត្តកំពង់ធំ នៅតែ​កើតមាន​ដដែល គឺ​ភាគច្រើន ប្រព្រឹត្ត​ដោយ​អ្នកមាន​លុយ និង​មន្ត្រី​មានអំណាច ដែល​ធ្វើ​ឲ្យ​មានមតិ​រិះគន់​ពី​សាធារណជន​ជាច្រើន និង​ប៉ះពាល់​ដល់​គោល នយោបាយ រាជរដ្ឋាភិបាល​ទៀតផង​។​

ជាក់ស្ដែង​ដូចជា​ករណី ឈូសឆាយ​ដីព្រៃ​នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ១​កន្លែង ស្ថិតនៅ តំបន់​ភូមិ​សំបួរ ឃុំ​ពពក នៅលើ​ផ្ទៃដី​៥២​ហិតា ដែល​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​នៅ​ស្រុក ស្ទោង​និយាយថា គ្មាន​ច្បាប់​អនុញ្ញាតិ​នោះ ត្រូវបាន​លោក ប៊ុន ជឿន នៅ​ភូមិ​រំចេក ឃុំ​កំពង់​ចិន ជើង ស្រុក​ស្ទោង ប្រាប់​ឲ្យ​ដឹងថា ដី​ដែល​កំពុង​ឈូសឆាយ​នេះ ជា​ដី​របស់​កូនប្រុស​គាត់​ឈ្មោះ ជុំ ស ជា​ប្រធាន​តុលាការ សាលាដំបូង ខេត្ត​ត្បូងឃ្មុំ ចំណែក​មានច្បាប់ ឬ​អត់​ច្បាប់​នោះ គឺ​គាត់ មិនដឹង​នោះទេ​។​

លោក​អភិបាលស្រុក​ស្ទោង លោក ណែ​ត សារី បាន​ប្រាប់​ឲ្យ​ដឹងថា ការឈូសឆាយដី នោះ គឺ​គ្មាន​ច្បាប់​អនុញ្ញាតិ​មែន គឺ​លោក​ជុំ ស ធ្វើ​អី​ស្រេច​តែ​ចិត្ត​។​

ឯកឧត្ដម អភិបាលខេត្ត​កំពង់ធំ សុខ លូ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា មិន គិតថា លោក​ជុំ ស មាន​តួនាទី ជា​ប្រធាន​តុលាការ​នោះទេ គឺ​ត្រូវតែ​អនុវត្តន៍​តាម​និតិ​វិធី​ច្បាប់​។​
ចំណែក​ប្រជាពលរដ្ឋ បាន​និយាយ​ឲ្យ​ដឹងថា ពួកគាត់​នៅតែ​ឆ្ងល់​ថា បើ​អាជ្ញាធរ សុទ្ធតែ ដឹងថា គ្មាន​ការអនុញ្ញាតិ​ច្បាប់​ដូចនេះ ម្ដេចក៏​ការ​ឈូសឆាយ​នេះ នៅតែ​ដំណើរការបាន យ៉ាង រលូន ទើបតែ​ធ្លាយ​រឿង​ដល់​អ្នកសារព័ត៌មាន​ដូច្នេះ​៕​