កំពង់ធំ ៖ បទល្មើសសម្រាស់ ជាច្រើនកន្លែង នៅពាមសែន ជាប់នឹងតំបន់ឡូតិ៍អភិរក្ស លេខ២ស្ទួន ស្ថិតនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានឈ្មួញទិញត្រី ចាប់ផ្ដើមរត់ការហ៊ុព័ទ្ធចាប់ត្រីហើយ ដោយមានការបើកភ្លើងខៀវ ពីសមត្ថកិច្ចរដ្ឋបាលជលផល។
យោងតាមសេចក្ដីរាយណ៍ ពីប្រជាពលរដ្ឋនៅឃុំផាត់សណ្ដាយ បាននិយាយឲ្យដឹងថា សម្រាស់នៅមាត់ពាមសែននេះ មានប្រមាណ៣០ដុំ នៅជាប់នឹងតំបន់អភិរក្ស ឡូតិ៍លេខ២ស្ទួន ដែលជាកន្លែងធ្វើឲ្យត្រីប្រមូលផ្ដុំ ចេញពីតំបន់អភិរក្ស ហើយមានឈ្មួញ ជាស្ត្រីឈ្មោះ ង៉ា ស្ថិតនៅភូមិ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ជាអ្នករត់ការ ដាក់ និងហ៊ុព័ទ្ធ ចាប់ត្រី។
សេចក្ដីរាយណ៍នេះ បានបន្តឲ្យដឹងថា រាល់ករណីបទល្មើសនេសាទ ទ្រង់ទ្រាយធំៗ គឺ ឈ្មួញទិញត្រី ជាអ្នកផ្ដល់លុយកម្ចីឲ្យមុន ដើម្បីយកទៅបង្កើត ឬដំណើរការមុខរបរល្មើសច្បាប់ទាំងនោះ ហើយនៅពេលបានត្រី ត្រូវលក់ឲ្យពួកគេវិញ ចំណែកឈ្មួញទិញត្រីខ្លះ គឺចេញ មុខរត់ការតែម្ដង ។
ស្ត្រីឈ្មួញទិញត្រីឈ្មោះង៉ា បានប្រាប់ថា ខ្លួនជារត់ការបទល្មើសសម្រាស់នៅពាមសែននោះមែន ប៉ុន្តែគ្រាន់តែសម្របសម្រួល ឲ្យបន្តិចម្នាក់តែប៉ុណ្ណោះ ព្រោះសម្រាស់នោះ មានតែ កំប្លោកតែប៉ុណ្ណោះ។
ឯលោកនាយផ្នែករដ្ឋបាលជលផល ផាត់សណ្ដាយ លោកយ៉ាន់ វិសាក់ ហៅសែ បាន ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា លោកមិនបានដឹងរឿងនេះទេ។
ដោយឡែកប្រភពពីព័ត៌មានពីសមត្ថកិច្ច នៃស្ថាប័នផ្សេងៗ ដែលឈជើងនៅឃុំផាត់ សណ្ដាយ បាននិយាយថា បទល្មើសសម្រាស់នៅឆ្នាំនេះ គឺកើនច្រើនជាងឆ្នាំមុន ហើយអ្នកប្រព្រឹត្ត បទល្មើសនេះ កំពុងខ្សឹមខ្សៀវគ្នា សុំយោបល់ជាមួយសមត្ថកិច្ចជំនាញ ដើម្បីវីធី ដំណើរហ៊ុព័ទ្ធចាប់យកត្រីនៅពេលខាងមុខ។
ចំណែកប្រជានេសាទស្លូតត្រង់ បាននិយាយថា បទល្មើសនេសាទសម្រាស់នេះ គឺកើត មានជារៀងរាល់ឆ្នាំ ក្រោមវិធីធ្វើកិច្ចសន្យាអនុញ្ញាតិឲ្យហ៊ុចាប់យកត្រីតែ១លើក របស់សមត្ថកិច្ចជលផល ហើយឲ្យអូសមែងសម្រាស់ទាំងនោះ ដាក់លើគោក មិនឲ្យបន្តទៀតឡើយ ប៉ុន្តែ មិនដឹងយ៉ាងម៉ិច ទើបបទល្មើសសម្រាស់ បានបន្តដល់ចប់ចុង ចប់ដើមជាស្ថាពរ ជារៀងរាល់ ឆ្នាំ៕