ប៉ោយប៉ែត ៖ រឿងរ៉ាវស្នេហាត្រីកោណបានបែកធ្លាយជាបន្តបន្ទាប់ ក្រោយពីកើតជម្លោះរវាងស្ត្រីម្នាក់ជាប្រពន្ធដើម និងស្ត្រីម្នាក់ទៀត ដែលអះអាងថាជាប្រពន្ធដែរនោះ បានកើតឡើងនៅក្នុងគ្លីនិក«នគររាជ» ធ្វើឲ្យអ្នកជំងឺដែលសម្រាកក្នុងគ្លីនិកមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ហេតុការណ៍នេះ បានកើតឡើងកាលចុងខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ គ្រាដែលស្ត្រីនាងជាប្រពន្ធដើម តាមទាន់ប្ដីរបស់ខ្លួននាំស្រីកំណាន់ចិត្តមកព្យាបាលជំងឺខ្សោយបេះដូង។
សេចក្ដីរាយការណ៍ពីគ្លីនិកបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញមានបុរសម្នាក់បានចូលទៅគ្លីនិកដោយឲ្យគ្រូពេទ្យនៅទីនោះជួយព្យាបាលជំងឺជូនស្ត្រីម្នាក់ ដោយសារស្ត្រីម្នាក់នោះមានសភាពល្ហិតល្ហៃអស់កម្លាំងខ្លាំងបន្ទាប់ពីក្រុមគ្រូពេទ្យបានវះកាត់យកកូនក្រៅស្បូនចេញកាលពីជិតម្ភៃថ្ងៃកន្លងទៅ។ប្រភពដដែលបន្តថា ប្រហែលជាមួយសន្ទុះក្រោយមក ស្រាប់តែមានស្ត្រីម្នាក់ផ្សេងទៀតបានចូលមកដល់ ហើយអះអាងថា នាងជាប្រពន្ធរបស់បុរសខាងលើនោះដែរ និជាប្រពន្ធដើមទៀតផង ក្នុងគ្រាដែលបុរសខាងលើកំពុងអង្គុយនិយាយជាមួយនាងដែលក្រុមគ្រូពេទ្យបានដាក់សេរ៉ូម។ ការជជែកដេញដោលគ្នាកាន់តែលាន់ឮឡើង ធ្វើឲ្យជម្លោះក៏ផ្ទុះឡើងតែម្តង និងបានបង្កការភ្ញាក់ផ្អើលដល់បុគ្គលិកពេទ្យ ព្រមទាំងអ្នកជំងឺ និងអ្នកធ្វើដំណើរនាំគ្នាឈរមើល និងស្ត្រីទាំង២នាក់ប្រតាយប្រតប់គ្នាកើតជាអំពើហិង្សា តែមិនធ្ងន់ធ្ងរទេ។ ខណៈនោះបុរសជាប្ដី ក៏ដូចជាក្រុមគ្រូពេទ្យឃាត់រារាំង ហើយបុរសជាប្ដីបានចាប់អូសដៃនាងជាប្រពន្ធដើមចេញទៅបាត់ ទុកឲ្យនាងជាស្រីកំណាន់ចិត្តនៅបន្តសម្រាកក្នុងគ្លីនិកខាងលើតែម្នាក់ឯង ។
តាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា បុរសជាប្ដីដែលមានស្រីកំណាន់ ហើយប្រពន្ធតាមទាន់នោះ ឈ្មោះ ម៉ួន សេហួង អាយុប្រហែជាង៣០ឆ្នាំ ជាមន្ត្រីនគរបាលអន្តោប្រវេស្តន៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
ប្រភពបន្តថា ក្រោយពីបុរសខាងលើដឹកប្រពន្ធទៅបាត់មួយសន្ទុះ ស្រាប់តែនាងជាប្រពន្ធដើមបានជិះរថយន្តមកជាមួយឪពុក និងម្តាយទៅកាន់គ្លីនិកខាងលើម្តងទៀត មិនដឹងថា មានបំណងបង្កជម្លោះជាថ្មីឬធ្វើអ្វីនោះទេ តែត្រូវបាននាងជាស្រីកំណាន់របស់ប្ដីរួបនោះ បានចេញពីគ្លីនិកទៅបាត់តាំងពីភាគីម្ដាយឪពុក និងកូន(ប្រពន្ធដើម)មកដល់ម្ល៉េះ ធ្វើឲ្យភាគីខាងប្រពន្ធដើមកើតការខឹងសម្បារយ៉ាងខ្លាំង ហើយបានផ្ទុះជម្លោះជះកំហឹងទៅលើប្រធាន និងបុគ្គលិកគ្លីនិកទៅវិញ ដោយចោទថា បានលាក់ទុកស្រីជាប្រពន្ធចុងរបស់ប្តីខ្លួននៅក្នុងបន្ទប់ មិនតែប៉ុណ្ណោះនៅបានដើរចូលលុកលុយគ្លីនិក រករឿងគ្រូពេទ្យដោយទាមទារឆែកបន្ទប់គ្រូពេទ្យ ដើម្បីរកស្ត្រីគូជម្លោះដែលគ្រូពេទ្យបណ្តោងសឺរ៉ូមនោះ។ការទាមទារនេះ បានធ្វើឲ្យម្ចាស់គ្លីននិក មួរម៉ៅយ៉ាងខ្លាំងដោយលើកឡើងថា បង្កការអុកឡុកក្នុងគ្លីនិក ខ្វះសីលធម៌ អាងខ្លួនជាមន្ត្រីមួយរូបប្រើពាក្យសម្តីមិនថ្លៃថ្នូរធ្វើឲ្យម្ចាស់គ្លីនិកទទួលយកមិនបាន។
ភ្លាមៗនោះ គេឃើញខាងគ្លីនិក លើកទូរស័ព្ទទាក់ទងហៅកម្លាំងសមត្ថកិច្ចមកកន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ ទើបគ្រួសារមួយនេះ ព្រមចាកចេញទៅវិញដោយមិនអស់ចិត្ត គ្រាដែលឃើញកម្លាំងសមត្ថកិច្ចមកដល់ ។
បុរសម្នាក់ជាឪពុកក្នុងគ្រួសារខាងលើនោះ ត្រូវបានគេស្គាល់ថា មានឈ្មោះ នួន ចាន់សុភក្ត្រ ជានាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងជាឪពុកក្មេកបុរសម្នាក់ ឈ្មោះ ហួង ដែលប្រពន្ធតាមទៅរករឿងក្នុងគ្លីនិកខាងលើនេះ ។
ជុំវិញជម្លោះក្នុងករណីស្នេហ៍ត្រីកោណ បង្កជាជម្លោះនៅក្នុងមន្ទីរពេទ្យ«នគររាជ»ខាងលើនោះ អ្នកសារព័ត៌មាន នៅមិនទាន់អាចសុំការបកស្រាយពីសាមីភាគីទាំងពីរបាននៅឡើយទេ ដោយសារគ្មានលេខទូរស័ព្ទទំនាក់ទំនង ៕