ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋនៅឃុំគគីរធំ ស្រុកកៀនស្វាយ នៅបន្តតវ៉ា និង ស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយ ខណៈដែលក្រុមហ៊ុន ផានអ៊ីមិច នៅតែបន្តដាក់គ្រឿងចក្រជីកលើកទំនប់ហ៊ុំព័ទ្ធរំលោភយកដីពួកគាត់
ការតវ៉ា និងស្នើសុំនេះ បន្ទាប់ពីពួកគាត់បានឃើញក្រុមហ៊ុនដាក់គ្រឿងចក្រជីកលើកទំនប់ហ៊ុំព័ទ្ធពួកគាត់ ។ ប្រជាពលរដ្ឋបានលើកឡើងថា ដីរបស់គាត់មិនបានលក់ឲ្យក្រុមហ៊ុនទេ តែក្រុមហ៊ុនបានដាក់គ្រឿងចក្រជីកលើកទំនប់ហ៊ុំព័ទ្ធរំលោភយកដីគាត់តែម្តង ។
ប្រជាពលរដ្ឋខ្លះទៀត ក៏បានលើកដែរថា ពួកគាត់បានលក់ដីឲ្យក្រុមហ៊ុនពិតមែន តែមិនទាន់ទទួលបានលុយគ្រប់នៅឡើយទេ គ្រាន់តែទទួលបានលុយកក់បន្តិចបន្តួចប៉ុណ្ណោះ ស្រាប់តែក្រុមហ៊ុនដាក់គ្រឿងចក្រជីកទំនប់ហ៊ុំព័ទ្ធរំលោភយកតែម្តង ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា ការលើកទំនប់ ក្រុមហ៊ុនបានលើកខ្ពស់ភ្ជិតផ្លូវ ធ្វើឲ្យពួកគាត់មិនអាចធ្វើដំណើរឆ្លងកាត់ដឹកកសិផលដូចជាស្រូវ ពោត សណ្តែក ជាដើម ។
គួររំលឹកថា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនៅឃុំគគីរធំ ស្រុកកៀនស្វាយ នេះ ជាទំនាស់ដ៏រ៉ាំរ៉ៃមួយបានកើតឡើងជាច្រើនឆ្នាំមកហើយរហូតមកដល់ពេលនេះនៅតែមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ ។
បញ្ហានេះត្រូវបានធ្វើឲ្យប្រជាពលរដ្ឋកាន់តែអស់ជំនឿលើអាជ្ញាធរ ខណៈដែលការបោះឆ្នោតអាណត្តិសភាបានខិតជិតមកដល៕