ចំណូល​វិស័យ​ទេសចរ​ណ៌​កម្ពុ​ជាជាង​៣​លាន​៦​សែន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៧ ប្រទេស​កម្ពុជា​ទាញយក​ចំណូល​ពី​អ្នកទេសចរ​ណ៌​អន្តរជាតិ បាន​ជាង ៣​លាន​៦​សែន​ដុល្លារ​អាមេរិក ខណៈដែល​វិស័យ​ទេសចរណ៍​បានរួម​ចំណែក​ប្រមាណ​១២% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា​។

​ថ្លែង​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ទេសចរណ៍​ឆ្នាំ​២០១៧ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៨ អម​ជាមួយ​ពិធី​អបអរសាទរ​ទិវា​ទីក្រុង​ស្អាត​លើក​ទី​៦ ក្រោម​ប្រធានបទ ទីក្រុង​ស្អាត ដើម្បី​ទាំងអស់គ្នា និង​ពិធី​ចែក​ជ័យលាភី​ទីក្រុង​ស្អាត​លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៨-២០២១ ដែល​រៀបចំ​ធ្វើ​នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បង្ហាញថា ស្រប​ពេលដែល​ប្រទេស​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៥​លាន​៦​សែន​នាក់ ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ កម្ពុជា​បានទទួល​ចំណូល​ជាង ៣​លាន​៦​សែន​ដុល្លារ​អាមេរិក គឺ​កើនឡើង ១៣,៣% បើ​ធៀប​នឹង​ចំណូល​ទេសចរ​ណ៌​ឆ្នាំ​២០១៦​។

​ក្រៅពី​អ្នកទេសចរ​ណ៌​អន្តរជាតិ ក៏មាន​អ្នកទេសចរ​ក្នុងស្រុក​ប្រមាណ ១១​លាន​នាក់ ផងដែរ​ដែល​ចូលរួមចំណែក​ក្នុង​វិស័យ​ទេសចរ​ណ៌​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​កន្លងមកនេះ​។ ទន្ទឹមនេះ អ្នកទេសចរ​កម្ពុជា​ដែល​ចេញទៅ​ទស្សនា​នៅក្រៅ​ប្រទេស ក៏មាន​ការកើនឡើង​ដល់​ទៅ​ជាង ១​លាន​៧​សែន​នាក់​ផងដែរ ក្នុង​ឆ្នាំ​២០១៧​។ ឯកឧត្តម ថោង ខុន បញ្ជាក់ថា វិស័យ​ទេសចរណ៍ តំណាងអោយ​ប្រមាណ ៣០% នៃ​វិស័យ​សេវាកម្ម​នៅ​កម្ពុជា ហើយ​បានរួម​ចំណែក​ប្រមាណ ១២,៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា​។

​ដោយឡែក ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បាន​ឡើ​ក​ឡើង​ផងដែរ​ថា វិស័យ​ទេសចរណ៍​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកជា​វិស័យ​អាទិភាព​មួយ ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដែល​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និង​បានរួម​ចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការបង្កើត​ឱកាស​ការងារ បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​។

​បន្ថែម​ពីនេះ ដោយ​ឈរលើ​ទស្សនៈទាន​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ស្អាត និង​បៃតង​ប្រកបដោយ​ភាព​ទាក់ទាញ និង គុណភាព​ខ្ពស់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បាន​ស្នើ​ដល់​ក្រសួងទេសចរណ៍ គួរ​មាន​វិធានការ​ប្រឈម​នឹង​ការកើនឡើង​នៃ​អ្នកទេសចរ​បរទេស​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ជាពិសេស ត្រូវយក​ចិត​ទុកដាក់​បណ្តុះបណ្តាល​ម​គ្គុ​ទេស​ក៏​ទេសចរ​ណ៌ ទាំង​ភាសា ទាំង​ការយល់ដឹង​ពី ប្រវត្តិសាស្ត្រ​របស់​កម្ពុ​ជា​អោយបាន​ច្បាស់លាស់​។

វិធានការ​ទាំងនេះ នឹង​ឆ្លើយតប​ទៅនឹង​កំណើន​នៃ​ភ្ញៀវទេសចរ​ន៌​អន្តរជាតិ តាម​ការរំពឹងទុក ដូចជា​ទេសចរ​ចិន ដែល​នឹង​កើនឡើង​ដល់ ២​លាន​នាក់​ក្នុង​ឆ្នាំ​២០២០ ខណៈដែល​ទេសចរ​អន្តរជាតិ រំពឹងថា​នឹង​កើនឡើង ដល់​ប្រមាណ​៦​លាន​១​សែន​នាក់​នៅ​ឆ្នាំ​២០១៨! កើន​ដល់​៧​លាន​នាក់​ក្នុង​ឆ្នាំ ២០២០ និង កើន​ដល់​១៥​លាន​នាក់​ក្នុង​ឆ្នាំ​២០៣០៕​