ភ្នំពេញ ៖ ទីតាំងនៃទីស្នាក់ការរបស់អតីតគណបក្សសង្គ្រោះជាតិ (CNRP)ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់លោក សម រង្ស៊ី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន ។ នេះបើតាមដីកាចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ។
បើតាមដីកាសម្រេចបញ្ជាក់ថា ការសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ជាអចលនវត្ថុ (ដី និងអគារ) ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ភព ០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ នេះ ត្រូវរង់ចាំតុលាការសម្រេចដល់សំណុំរឿងអង្គសេចក្តីចប់ជាស្ថាពរ ។
ដើម្បីទទួលបាននូវការលុបចោលការអនុវត្តការរឹបអូសជាបណ្តោះអាសន្ននេះ លោក សម រង្ស៊ី ត្រូវផ្ញើប្រាក់តម្កល់នៅសាលាដំបូងរាជធានីភ្នំពេញ ចំនួន ៤,២៥០,០០០,០០០ (បួនពាន់ពីររយហាសិបលាន) រៀល ជាប្រាក់រំដោះ ៕