ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការ ឧបត្ថម្ភ គាំទ្រ ពី បណ្តាស្ថានទូត ដៃគូរ ស្ថាប័ន អង្គការ និង វិស័យឯកជននានាទាំងក្នុងនិងក្រៅប្រទេស និងមានកិច្ចសហការ ជាមួយអង្គការ ស្ទែមកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែ មីនានេះ បានរៀបចំមហោស្រព វិទ្យាសាស្ត្រ និង វិស្វ័កម្មកម្ពុជា លើកទី៤ នៅពហុកីឡាដ្ឋានជាតិ អូឡាំពិក ដើម្បីជំរុញឱ្យសិក្សានុសិស្ស យុវជន លោកគ្រូ អ្នកគ្រូ សាធារណៈជន គ្រឹះសា្ថនសិក្សា និងស្ថាប័នពាក់ព័ន្ធ ឱ្យកាន់តែមានការចាប់អារម្មណ៍ និងការយកចិត្តទុកដាក់ លើការសិក្សា អប់រំ ការបណ្តុះបណ្តាលការងារ អាជីព វិជ្ជាជីវៈ ការប្រកួតប្រជែង ការស្រាវជ្រាវ និង និវានុវត្តន៍លើមុខជំនាញ ទាក់ទង និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងគណិតវិទ្យា ដែលមានសក្កដានុពល សម្រាប់ចូលរួមអភិវឌ្ឍន៍ វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម កសិ-ឧស្សាហកម្ម សេវាកម្ម និង ពាណិជ្ជកម្មនៅកម្ពូជា។
ក្នុងឱកាសនោះ លោក បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា បន្ទាប់ពីធ្វើកំណែទម្រង់ ដើម្បីប្រសិទ្ធភាព ក្នុងវិស័យអប់រំ ឃើញថា ពិន្ទុរបស់សិស្ស ផ្នែកវិទ្យាសាស្ត្រទាប ដែលជាហានិភ័យមួយសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែក្នុងរយៈពេល៤ឆ្នាំមកនេះ ក្រសួងបានប្រែក្លាយហានិភ័យទាំងនោះ ឱ្យទៅជាឱកាសសម្រាប់យុវជន តាមរយៈការបណ្តុះ បណ្តាល និងពង្រឹងសមត្ថភាពគ្រូ រហូត ដល់មានកំណើនពីមួយទៅមួយឆ្នាំគួរឱ្យកត់សម្គាល់។
លោក បណ្ឌិត ច័ន្ទ រ័ត្ន ប្រធាននាយកដ្ឋាន ស្រាវជ្រាវ វិទ្យាសាស្ត្រ បានមានប្រសាសន៍ឱ្យដឹងថា តាមរយៈមហោស្រពនេះ ក៏ជាយុទ្ធសាស្ត្រ និងផែនការ សកម្មភាព បណ្តុះបណ្តាលធនធានមនុស្សឱ្យមានគុណភាព សមត្ថភាព ចំណេះដឹង នឹងដោះស្រាយបញ្ហា ដើម្បីឆ្លើយតបទៅនិងតម្រូវការ ទីផ្សាការងារ នាពេលបច្ចយប្បន្ន និងទៅអនាគត ហើយក៏ជាគោលដៅចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានអនុម័ត គោលនយោបាយស្តីពី ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ។
មួយវិញទៀត ក្រសួងមានបំណងប្រាថ្នា ឱ្យព្រឹត្តិការណ៍នេះ ក្លាយទៅជា ទិវាជាតិ ស្តីពី វិទ្យាសាស្ត្រ និងវិស្វកម្ម ដើម្បីជាការលើកទឹកចិត្តអ្នកវិទ្យាសាស្ត្រ និងសិស្ស និស្សិត ឱ្យខិតខំប្រឹងប្រែង បន្តប្រើប្រាស់ ឱ្យអស់សក្កដានុពលដែលមាន ពិសេស យើងមានឈាមជ័រពីបុព្វបុរស ដែលមានស្នាដៃ សាង ប្រាសាទអង្គរដ៏ល្បីល្បាញពាសពេញពិភបលោក។
សូមបញ្ជាក់ថា នៅក្នុងមហោស្រព វិទ្យាសសាស្ត្រនោះ ក៏មាន ចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា សម្រាប់អភិវឌ្ឍន៍ ការអប់រំ គណិតវិទ្យា និងវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់ ដ៏មានប្រសិទ្ធភាព នូវម៉ាស៊ីន គិតលេខវិទ្យាសាស្ត្រ រវាង ក្រសួង អប់រំ យុវជន និងកីឡា និង ក្រុមហ៊ុន កាស្យូសិង្ហបុរី ផងដែរ៕