ក្រចេះ ៖ អាជ្ញាធរខេត្តក្រចេះ និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានជូនដំណឹង ដោយបដិសេធថា ពុំមានមនុស្សណាមនាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាក្នុងការតវ៉ារឿងដីធ្លីមួយរបស់ប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នេះទេ។
លោក គៀត ច័ន្ធថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រាប់អ្នកកាសែតក្នុង ស្រុក កាលពីរសៀលថ្ងៃទី ៨ ខែមីនា នេះ ថា ៖« បើតាមរបាយការណ៍ដែលខ្ញុំទទួលបាន ពីស្នងការខេត្តក្រចេះ គឺមានប្រតិបត្តិការណ៍មួយដឹកនាំដោយអភិបាលរង និងព្រះរាជអាជ្ញារងខេត្ត ចុះទៅជួយការពារការកាយដីធ្វើព្រំ របស់ក្រុមហ៊ុនមេមត់។ នៅពេលដែលពួកគាត់ ចុះទៅក៏មានប្រជាពលរដ្ឋ ២០០ ទៅ ៣០០ នាក់តវ៉ាសុំឲ្យផ្អាក ហើយក៏មានការសម្របសម្រួលរវាងព្រះអាជ្ញា អភិបាលរងខេត្ត និងប្រជាពលរដ្ឋ តែខាងប្រជាពលរដ្ឋ លោកមិនព្រម»។ លោកបន្តថា ក្រោយមកប្រហែលម៉ោង ១១ ថ្ងៃត្រង់ ប្រជាពលរដ្ឋបានបិទផ្លូវប្រហែល ២ ម៉ោងជាង ដូច្នេះក្រុមប្រតិបត្តិការណ៍ព្យាយាមសម្របសម្រួលពលរដ្ឋប៉ុន្តែប្រជាពលរដ្ឋ មិនព្រម។ «ហើយចុងក្រោយ ពួកគាត់ហាក់ដូចមានសកម្មភាព ដូចជាមានកាំបិត ពូថៅ គ្រោងនឹងធ្វើអំពើហិង្សា នឹងដុតគ្រឿងចក្រ ហើយដើម្បីទប់ស្កាត់អំពើអស់ហ្នឹងក៏មានការផ្ទុះអាវុធឡើងលើ ដើម្បីកុំឲ្យប្រជាពលរដ្ឋប្រើអំពើហិង្សា»។
ចំណែក លោក គង់ គឹមនី អភិបាលស្រុកស្នួល បានថ្លែងថា មុនពេលប៉ះទង្គិចនេះ អាជ្ញាធរ បានចុះចរចា និងសម្របសម្រួលចំនួន ២លើកមកហើយ ប៉ុន្ដែក្រុមប្រជាពលរដ្ឋទាំងនោះ មិនយល់ ព្រមតាមយោបល់របស់អាជ្ញាធរទេ។ លោកបន្តថា «យើងជួបប្រជុំជាមួយពួកគាត់ ប៉ុន្ដែគាត់នៅតែ មិនបានយល់ព្រម ហើយថែមទាំងមានការបិទផ្លូវ ដែលធ្វើឲ្យប៉ះទង្គិចគ្នានេះកើតឡើង បណ្ដាលឲ្យ សមត្ថកិច្ចរងរបួលស្រាល ៧នាក់ ហើយពលរដ្ឋរបួសស្រាលពីរនាក់ តែអត់មានស្លាប់ទេ ហើយក៏ ត្រូវបានបញ្ជូនយកទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ រួចរាល់អស់ហើយដែរ»។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានអំពើហិង្សាមួយបានផ្ទុះ ឡើង រវាងអាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ខណៈកម្លាំងសមត្ថកិច្ច អាជ្ញាធរព្យាយាមបំបែកក្រុមប្រជាពលរដ្ឋដែលនាំគ្នាបិទផ្លូវជាតិលេខ៧៦ ចំនួន ៣កន្លែង។ ការ ដែលប្រជាពលរដ្ឋនាំគ្នាបិទផ្លូវបានកើតឡើងបន្ទាប់ពីសមត្ថកិច្ចចម្រុះ ក្រោមការដឹកនាំរបស់លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ចុះទៅរុះរើសំណង់ខ្ទមតូចៗ របស់ពួកគាត់ ស្ថិតនៅក្នុងក្រុមហ៊ុនចំការកៅស៊ូ មេមត់។
ក្នុងសេចក្តីប្រកាសព័ត៌មានដែលធ្វើឡើងនៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ អាជ្ញាធរ ខេត្ត ក្រចេះ បានអះអាងថា មូលហេតុដែលឈានដល់សមត្ថកិច្ចផ្ទុះអាវុធ បន្ទាប់ពីមានក្រុមប្រជាពល រដ្ឋ ដែលមិនព្រមបើកផ្លូវតាមសំណើរបស់អាជ្ញាធរ ហើយបានប្រើកាំបិត ពូថៅ ដំបង ដុំថ្ម ជំពាម កៅស៊ូ កាំភ្លើងកែច្នៃ ព្រួញ ដបសាំង បាញ់ និងគប់លើក្រុមការងាររបស់សមត្ថកិច្ច ថែម ទៀត ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែល អាជ្ញាធរខេត្តក្រចេះ បានបដិសេធទាំងស្រុងចំពោះបណ្តា ព័ត៌មាននានាដែលបានផ្សព្វផ្សាយថា ការប៉ះទង្គិចគ្នានេះ បណ្តាលឲ្យប្រជាពលរដ្ឋស្លាប់រហូតដល់ ៦នាក់ និង៤០នាក់ទៀតបានរងរបួសនោះ គឺជាព័ត៌មានមិនពិតទេ៕