គយ​ខេត្ត និង​គយ​ចល័ត មើលមុខ​គ្នា​មិន​ចំ ករណី​ចាប់​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយគ្រឿង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 March, 2018 ក+ ក-

សៀមរាប ៖ រថយន្ត​ដឹកទំនិញ​ធំ​មួយគ្រឿង បាន​ត្រូវ​សមត្ថកិច្ច​គយ​ពីរ​អង្គភាព​ផ្សេងគ្នា គឺ​គយ​ខេត្តសៀមរាប និង​គយ​ចល័ត​មកពី​ភ្នំពេញ ធ្វើការ​ចាប់​ឃាត់ បន្ទាប់ពី​មានការ​សង្ស័យថា មានការ​គេច​បន្លំ​ពន្ធ​។
​ការឃាត់​រថយន្ត​ផ្ទុកទំនិញ​ខាងលើនេះ ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០១៨ ត្រង់ចំណុច​ក្រោយ​ផ្សារ​ក្នុង​បុរី​សៀង​ណាំ ស្ថិតក្នុង​ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។

រថយន្ត​ធុន​ធំ​ដែល​សមត្ថកិច្ច​គយ​ឃាត់​នេះ មាន​ក្បាល​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A2816 ចំណែក​កន្ទុយ​សណ្តោង​ខាងក្រោយ​ពាក់​ស្លាក​លេខ​ភ្នំពេញ 4A 1970​។​រថយន្ត​នេះ​ត្រូវបាន​អ្នកបើកបរ​ប្រាប់​ឲ្យ​ដឹងថា ពួកគេ​ដឹក​សម្ភារៈ​អេ​ឡិច​ទ្រូ​និ​ច ម៉ាក​សាំ​ស៊ុ​ង មកពី​ស្រុក​សំពៅ​លូន​ព្រំប្រទល់​ប្រទេស​កម្ពុជា​ថៃ ខេត្តបាត់ដំបង មក​ទម្លាក់​នៅ​ឃ្លាំង​ស្តុក នៅក្នុង​បុរី​សៀង​ណាំ​។​
​ពាក់ព័ន្ធ​ករណីនេះ លោក កែវ រិទ្ធី អនុប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្តសៀមរាប បាន​ប្រាប់​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​០៩​មីនា​នេះ​ថា ក្នុង​ការចាប់​ឃាត់​រថយន្ត​នេះ កម្លាំង​សមត្ថកិច្ច​គយ និង​រដ្ឋ​ករ​បាន​រកឃើញ​ទំនិញ​មួយចំនួន​ដែល​មិនបាន​បង់ពន្ធ​។ លោក​បន្តថា ដូច្នេះ​ខាង​លោក​បានធ្វើ​របាយការណ៍​ដាក់ជូន​ទៅខាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។​

​ពាក់ព័ន្ធ​ទៅនឹង​មុខទំនិញ​អ្វីខ្លះ​ដែល​មិនបាន​បង់ពន្ធ​នោះ លោក កែវ រិទ្ធី បាន​អះអាងថា លោក​មិនអាច​រៀបរាប់​បានទេ ទាល់តែ​ខាង​អគ្គនាយកដ្ឋាន​គយ សម្រេច​ថា យ៉ាងណា​ទើប​លោក​អាច​ផ្តល់ព័ត៌មាន​បាន​។​

​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ប្រភពពី​មន្ត្រី​គយ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ អ្នកព័ត៌មាន​ថា ក្នុងពេល​ផ្ទៀងផ្ទាត់​ទំនិញ គេ​បាន​រកឃើញ​ម៉ាស៊ីនបោកខោអាវ ជិត​មួយរយ​គ្រឿង​ដែល​មិនបាន​បង់ពន្ធ ចំណែក​ទំនិញ​ផ្សេងទៀត​មាន​ខ្លះ​បាន​បង់ ខ្លះ​មិនបាន​បងពន្ធ​ជូន​រដ្ឋ​។​

​ជាមួយនឹង​ការចាប់​ឃាត់​រថយន្ត​ដឹកទំនិញ​នេះដែរ ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ដែរ​ថា ដោយសារ​ចង់​ដណ្តើម​ស្នាដៃ​គ្នា ធ្វើ​ឲ្យ​គយ​ខេត្តសៀមរាប និង​គយ​ចល័ត មើលមុខ​គ្នា​មិន​ចំ ដោយ​ខាង​គយ​ចល័ត​ចង់យក​រថយន្ត​នោះ​ទៅ ទុក​នៅ​ស្នាក់ការ​របស់គេ​នៅឯ​ស្រុក​ពួក ព្រោះ​គេ​បាន​ទៅដល់​មុន​។

ចំណែក​ខាង​គយ​ខេត្តសៀមរាប ក៏បាន​ទាមទារ​យករ​ថ​យន្ត​ដឹកទំនិញ​នោះ​ទៅកាន់​សាខា​របស់ខ្លួន​ដែរ ដោយ​សំអាងថា ករណីនេះ​វា​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​ពួកគេ​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​រថយន្ត​នេះ ត្រូវបាន​ប្រគល់​ឲ្យ​ទៅខាង​សាខាគយ​និង​រដ្ឋ​ករ​ខេត្តសៀមរាប​ជា​អ្នកចាត់ចែង​តាម​នីតិវិធី​៕