ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំអញ្ជើញចូលរួមប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលីដែលនឹងប្រព្រឹត្ត ទៅពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី តបតាមការអញ្ជើញរបស់ ឯកឧត្តម ម៉ាល់កុម ធឺនប៊ុល (Malcolm Turnbull ) នាយករដ្ឋមន្ត្រីអូស្រា្តលី ។
ឥស្សរជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត ឱម យ៉ិន ទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មារធិការជាតិប្រឆាំងភេរវកម្ម និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ។
នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី សម្តេចតេជោនាយករដ្ឋមន្ត្រី រួម ជាមួយថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាន និងអូស្រា្តលី ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ ដោយឯកឧត្តម ប៉េហាំង ដាតូ លីម ជុក ហ័យ អគ្គលេខាធិការអាស៊ាន និងលោកជំទាវ ជូលី ប៊ីហ្សប រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។ ឯកឧត្ដម ភីធ័រ ខូសហ្គ្រូវ (Peter Cosgrove) អគ្គទេសាភិបាលអូស្ដ្រាលី នឹងរៀបចំអាហារថ្ងៃត្រង់ ជូនដល់ថ្នាក់ដឹកនាំអាស៊ានទាំងអស់។
ថ្នាក់ដឹកនាំនឹងទទួលជួបដោយឡែកពីគ្នា ជាមួយនិស្សិតអូស្ត្រាលីដែលកំពុងសិក្សានៅប្រទេសសមាជិកអាស៊ាន ក្រោមផែនការកូឡុមបូថ្មី និងនិស្សិតប្រទេសសមាជិកអាស៊ាន ដែលកំពុងសិក្សានៅអូស្ត្រាលី តាមរយៈអាហារូបករណ៍របស់អូស្ត្រាលី។
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលីនេះ នឹងផ្តល់នូវកាលានុវត្តភាពដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្ត្រីអូស្រា្តលី ដើម្បីពិភាក្សាប្រកបដោយភាពស្មោះត្រង់ទៅវិញទៅមក លើប្រធានបទផ្សេងៗដែលជាផលប្រយោជន៍រួម និងដើម្បីចែករំលែកការយល់ឃើញ និងទស្សនៈនានា ទៅលើទិសដៅនាពេលអនាគតនៃទំនាក់ទំនងអាស៊ាន-អូស្រា្តលី។
ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ម៉ាល់កុម ធឺនប៊ុល នាយករដ្ឋមន្ត្រីអូស្រា្តលី អញ្ជើញចូលរួមពិសារអាហារពេលព្រឹកការងារជាមួយឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសអូស្ត្រាលី សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញទៅទស្សនាវិមានអូប៉េរ៉ាស៊ីដនី ទទួលជួបសហគមន៍ខ្មែរនៅអូស្ត្រាលី និងជួបជាមួយនិស្សិតកម្ពុជា និងអតីតនិស្សិតអូស្ត្រាលី ផងដែរ៕