ពលករ​ខ្មែរ​ចាប់ផ្តើម​វិល​មក​ធ្វើការ​ក្នុងស្រុក​ដោយសារ​លក្ខខណ្ឌ​ការងារ​ល្អ និង​ប្រាក់​ឈ្នួល​កើនឡើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2018 ក+ ក-

​ភ្នំពេញ ៖ ដោយសារ​កម្លាំង​ពលកម្ម​មួយចំនួនធំ បានចេញ​ទៅធ្វើ​ការងារ​នៅក្រៅ​ប្រទេស ធ្វើឱ្យ​ខ្វះ កម្លាំង​ពលកម្ម​នៅក្នុង​ស្រុក​យ៉ាងច្រើន ដែលជា​ហេតុ​ធ្វើឱ្យ​ប្រមុខ​រាជរដ្ឋាភិបាល​មានការ​ព្រួយ​បារ​ម្មណ៍ នឹង​ប្រឹងប្រែង​រក​យន្តការ ដើម្បីឱ្យ​ពលករ​បាន​ត្រឡប់មក​ធ្វើ​ការងារ​នៅក្នុង​ស្រុក​វិញ​។

​ទាក់ទិន​និង​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​នេះ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាងថា ថ្មីៗ​នេះ មាន​ពលករ​មួយចំនួន​បាន​វិល​ត្រលប់មក​ធ្វើ​ការងារ​នៅក្នុង​ស្រុក​វិញ​ហើយ ដោយសារ​ពួកគេ​មើលឃើញថា បច្ចុប្បន្ននេះ ប្រាក់​ឈ្នួល​នៅក្នុង​ស្រុក​ល្អ លក្ខ​ខ័​ន្ត​ការងារ​ក៏​ល្អ ប្រព័ន្ធ​សន្តិសុខ​សង្គម​ក៏​កាន់តែ​ល្អ ធ្វើឱ្យ​ការជ្រើសរើស និង​បញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស មាន​បញ្ហា​ពិបាក​ក្នុងការ​
ជ្រើសរើស​ផងដែរ​។​

​លោក បណ្ឌិត រដ្ឋមន្ត្រី​បន្ថែមថា ចំពោះ​ការសម្រេចចិត្ត របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​មិនមាន​ការហាមឃាត់​ទេ គឺ​ទុក​លទ្ធភាព​ឱ្យ​គាត់ ពិនិត្យ ពិចារណា និង​សម្រេច​ដោយ​ខ្លួនឯង ដោយ​ស្ម័គ្រចិត្ត ។ រាជរដ្ឋាភិបាល​មិន​បង្ខំ ឬ ជម្រុញ​នោះទេ បើ​គាត់​សម្រេចចិត្ត​បែបណា​នោះ​យើង​និង​គោរព​តាម​ការសម្រេចចិត្ត​នោះ បើ​គាត់​សម្រេចយក​ការចេញ​ទៅ​ក្រៅប្រទេស រដ្ឋាភិបាល​នឹង​រៀបចំ​បែបបទ​និតិ​វិធី​បញ្ជូន​គាត់​ទៅ ហើយ​តាម​ការពារ ដូចដែល​បានផ្តល់​សេវា​ជូន​នាពេល​បច្ចុប្បន្ននេះ​ស្រាប់​។​

​យ៉ាងណា លោក បណ្ឌិត អ៊ិត សំហេង បញ្ជាក់ថា បើទោះជា​នៅក្នុង​ស្រុក​មានការ​ខ្វះ​កម្លាំង​ពលកម្ម​យ៉ាងណាក៏ដោយ ប៉ុន្តែ​កូតា​ពី​ប្រទេស​កូរ៉េ ហុងកុង ជប៉ុន ម៉ាឡេស៊ី និង​ប្រទេស​ថៃ​ក៏​នៅតែមាន​ជាធម្មតា​។​

​ជាមួយគ្នា​នោះដែរ ទាក់ទិន​និង​ការនាំចេញ ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​វិញ លោក​បណ្ឌិត រដ្ឋមន្ត្រី ក៏បាន​អះអាងថា ការបញ្ជាទិញ​ពី​ទីផ្សារ​ធំៗ ឬ ពី​គ្រុមហ៊ុន​ធំៗ គឺ​ពេញ​ទាំងអស់ ព្រោះ​ឯកឧត្តម បាន​ជួប​ជាមួយ​រោងចក្រ ដែល​ផលិត​សម្រាប់​ផ្គត់ផ្គង់​ការនាំចេញ បានឱ្យដឹងថា មកដល់ពេលនេះ​ការបញ្ជារ​ទិញ​ពេញ ហើយ​បាន​ពង្រីក​សង្វាក់​ផលិតកម្ម​របស់ខ្លួន​ប​ន្ថែ​ម​ទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​។ ដូច្នេះ សម្រាប់​ឆ្នាំ​២០១៨ រំពឹងថា ការនាំចេញ​នូវ​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ នឹងមាន​កំណើន​ថែមទៀត​៕

ពលករខ្មែរចុះបញ្ជីការងារស្របច្បាប់នៅថៃ