ក្រុមយុវជន​នៅ​ជាង​៣០​ប្រទេស​នឹង​មក​ចូលរួម​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2018 ក+ ក-

​សៀមរាប ៖ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ គឺជា​ប្រវត្តិសាស្ត្រ​មួយ​ថែមទៀត​ដែល​ខេត្តសៀមរាប​នឹង​ទទួលបាន​ក្រុមយុវជន​មកពី​បណ្តា​ប្រទេស​នានា ប្រមាណ​ជាង​៣០​ប្រទេស​មក​ចូលរួម​។​

​មានប្រសាសន៍​នៅក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ ១២០០​ម៉ែត្រ​នៅក្នុង​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​១៤ ខែមីនា​នេះ អភិបាលខេត្ត​សៀមរាប លោក បណ្ឌិត ឃឹម ប៊ុន​សុង បាន​លើកឡើងថា អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ នៅ​ខេត្តសៀមរាប មិន​ត្រឹមតែ​ជា​ព្រឹត្តិការ​ជាតិ​នោះទេ ប៉ុន្តែ​វា​បា​ក្លាយជា​ព្រឹត្តិការណ៍​អន្តរជាតិ​ដោយនៅ​ក្នុងឆ្នាំនេះ អង្គរ​សង្ក្រាន្ត​នឹង​ទទួល​ក្រុមយុវជន​មកពី​បណ្តា​ប្រទេស​នានា​ប្រមាណ​ជាង​៣០ ដែល​មក​ចូលរួម​អបអរសាទរ​។​

​លោក​បន្តថា នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ដូចជា ខេត្តកំពង់ធំ បាត់ដំបង ព្រៃវែង ជាដើម ក៏មាន​រៀបចំ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​សម្រាប់​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ដែរ ប៉ុន្តែ​ការរៀបចំ​របស់​ខេត្ត​ទាំងនោះ គឺ​ធ្វើ​ត្រឹមតែ​ថ្នាក់​ខេត្ត​ប៉ុណ្ណោះ លើកលែងតែ​ខេត្តសៀមរាប ដែល​បានធ្វើ​ឡើងជា​លក្ខណៈ​ជាតិ​។ បន្តថា ជាមួយនឹង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ អាជ្ញាធរ​ខេត្តសៀមរាប បាន​ត្រៀប​លក្ខណៈ​រួចជាស្រេច​នៅក្នុង​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ​បរិស្ថាន និង​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង ។​

​ទីក្រុង​សៀមរាប បាន​ជាប់​ចំណាត់ថ្នាក់​ជាទី​ក្នុង​ស្អាត​អាស៊ាន សម្រាប់​ឆ្នាំ​២០១៨ ហើយក៏​ជាទី​ក្រុង​ដែល​ទទួលបាន​ចំណាត់ថ្នាក់​រំដួល​បី​ទង សម្រាប់​ចលនា​ប្រលងប្រណាំង​ទីក្រុង​ស្អាត​ផងដែរ​។ ដើម្បី​បន្ត​រក្សា​នូវ​ចំណាត់ថ្នាក់​នេះ ឯកឧត្តម​អភិបាល បាន​ណែនាំ​ដល់​អាជ្ញាធរ​ក្រុង សង្កាត់ ខិតខំ​លើកកម្ពស់​អនាម័យ បរិស្ថាន ។

ម្យ៉ាងទៀត​អាជ្ញាធរ​ក្រុង សង្កាត់​ត្រូវយក​ចិត្ត ទុកដាក់​ថែទាំ​ផ្លូវ និង ធ្វើ​ឲ្យ​ដងផ្លូវ​ប្រកបទៅដោយ​ពណ៌​បៃតង គឺ​ត្រូវ​រួមគ្នា​ធ្វើការ​ដាំ​ដើមឈើ ដែល​វា​មានតម្លៃ ក្នុងការ​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ក្រុង​បុរាណ​របស់​យើង​ទៀតផង ៕